ក្រសួងធម្មការថ្កោលទោសភាគីថៃដែលបានបាញ់ប្រហារប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅក្នុងភូមិព្រៃចាន់និងអំពាវនាវឲ្យបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះដើម្បីស្វែងរកការពិត

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនា បានចេញញត្តិថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះភាគីថៃដែលបានប្រើប្រាស់អាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៥០នាទីរសៀល បណ្តាលឱ្យ ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារបួសចំនួន៣នាក់ និងស្លាប់បាត់បង់ជីវិតចំនួន១នាក់។

ក្រសួងធម្មការនិងសាសនា ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវ ឃោរឃៅខុសច្បាប់អន្តរជាតិហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌ក៏ដូចជាផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព។

នៅក្នុងញត្តិនោះដែរ បានបញ្ជាក់ថា កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពហិង្សាខុសច្បាប់របស់ភាគីថៃម្តងហើយម្តងទៀត ដូច្នេះ ភាគីថៃត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ព្រោះជាការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

ក្រសួងធម្មការនិងសាសនា ក៏បានអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញបើកការស៊ើប អង្កេតដោយឯករាជ្យលើករណីនេះដើម្បីស្វែងរកការពិត ការទទួលខុសត្រូវនិងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print