១០ខែ ឆ្នាំ២០២៥ ច្រកចេញចូលតែមួយស្រុកព្រះស្ដេច បម្រើពលរដ្ឋជាង២ម៉ឺនសេវា អភិបាលស្រុកប្ដេជ្ញាធ្វើឱ្យពលរដ្ឋកាន់តែពេញចិត្ត!

ចែករំលែក៖

ភ្នំពេញ ៖ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥នេះ ការិយាល័យច្រកចេញចូលតែមួយស្រុកព្រះស្ដេច ខេត្តព្រៃវែង បន្តបម្រើសេវាជូនប្រជាពលរដ្ឋ បានចំនួន ២២.៣២៩សេវា។ តាមរយៈសេវានេះ រដ្ឋបាលស្រុកទទួលបានចំណូលចំនួន ១៤.២០០.៦០០រៀល។ នេះបើតាមរបាយការណ៍ រដ្ឋបាលស្រុកព្រះស្ដេច ផ្ដល់មកកាន់ផ្នែកព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

របាយការណ៍ បានលម្អិតទៀតថា ក្នុងចំណោមសេវាដែលបានផ្ដល់ជូនពលរដ្ឋនោះ ការងារអត្រានុកូលដ្ឋានជាសេវាមានការស្មើសុំច្រើនជាងគេ គឺមានចំនួន១៣.៨៥១សេវា បន្ទាប់មក ការងារនីត្យានុកូលកម្ម ផ្ដល់បាន៧.៧៤២សេវា វិស័យសាធារណការ និងដឹកជញ្ជូន ផ្ដល់បាន ៦១១សេវា និងវិស័យធម្មការ និងសាសនា ផ្ដល់បាន៦៣សេវា។

ជាការកត់សម្គាល់ ក្នុងចំណោមវិស័យទាំង១៧ ដែលមាននៅច្រកចេញចូលតែមួយស្រុក សម្រាប់រយៈពេល១០ខែនោះ វិស័យសំណង់ទទួលបានចំណូលខ្ពស់ជាងគេ គឺ៣.៧៧៣.០០០រៀល បន្ទាប់មកវិស័យសុខាភិបាលទទួលបានចំណូល២.៨៤០.០០០រៀល វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបាន ២.៤០០.០០០រៀល វិស័យសាធារណការ និងដឹកជញ្ជូន ទទួលបាន ១.៩៦៩.៦០០រៀល ការងារនីត្យានុកូលកម្ម ទទួលបាន១.៥៦៨.០០០រៀល ខណៈវិស័យមួយចំនួនពុំគិតថ្លៃសេវា។

នៅពេលរំលេចអំពីសមិទ្ធិផលក្នុងការងារ ច្រកចេញចូលតែមួយ លោក ភុន សម្ជស្ស អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច បានបញ្ជាក់ថា រដ្ឋបាលស្រុកព្រះស្ដេច តែងតែបន្តយកចិត្តទុកដាក់ និងបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងកាន់តែឆាប់រហ័ស ស្របតាមគោលការណ៍ដឹកនាំ និងក្ដីប្រាថ្នារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

បើតាមលោកអភិបាល ក្រុមប្រឹក្សា និងគណៈអភិបាលស្រុកព្រះស្ដេច តែងបានយកចិត្តទុកដាក់ ពង្រឹងឥរិយាបថមន្ត្រីនៃការិយាល័យច្រកចេញចូលតែមួយ ដើម្បីធ្វើបដិសណ្ឋារកិច្ច និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានជាទីគាប់ចិត្ត ស្របតាមគោលនយោបាយ និងឆន្ទៈដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

...

ដោយ ៖ កញ្ញា អន អមរា មន្ត្រីអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print