អន្តរជាតិ ៖ ថ្វីត្បិតតែវាជារឿងចៃដន្យ ប៉ុន្តែក៏វាមានរឿងគួរឲ្យចាប់អារម្មណ៍ក្នុងការយកមកសរសេរចែករំលែកចែកជូនបងប្អូនប្រិយមិត្តបានដឹង និងកំសាន្ត។
ម្សិលម៉ិញត្រឹមតែមួយម៉ោងប៉ុណ្ណោះ ក្រោយពីព្រះចៅក្រុងសៀមរាមាទី១០ និងមហេសី ឡើងយន្តហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ស្រាប់តែវិហារដ៏ចំណាស់អាយុប្រមាណ១៥០០ឆ្នាំ ដែលគេស្គាល់ថាជាអតីតវិហារបន្សល់តាំងពីសម័យរាជវង្សណានចាវឆាបឆេះ ហាក់ដូចជារង់ចាំស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចរបស់ស្តេចសៀម។ សម្រាប់អ្នករៀនប្រវត្តិសាស្រ្តប្រហែលអាចជាដឹងហើយថាពួករាជវង្សណានចាវ មានទំនាក់ទំនងអ្វីខ្លះជាមួយនឹងជនជាតិសៀម។ ប៉ុន្តែថ្ងៃនេះខ្ញុំមិននិយាយរឿងសៀមទេ តែមកនិយាយរឿងវិហារនេះ។ ជាការបង្ហោះដោយលោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ខៀវ កាញារីទ្ធ បន្តថា ៖ ព្រះវិហារវត្តយុងឈីង (Yongqing Temple)មានទីតាំងស្ថិតនៅភ្នំហ្វេងហួង Fenghuang Mountain ទីក្រុងចាងជាកាំង ខេត្តជាំងស៊ូ Jiangsu ដែលស្ថិតនៅឆ្នេរខាងកើតប្រទេសចិន។
វត្តនេះត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ គ.ស. ៥៣៦ ក្នុងសម័យរាជវង្សលាង (Liang Dynasty)។ វត្តយ៉ុងឈីង ត្រូវបានគេស្គាល់ថាជាវត្តមួយក្នុងចំណោម “វត្តចំនួន ៤៨០ ក្នុងសម័យរាជវង្សណានឆាវ (Southern Dynasties)” ដែលធ្លាប់មានភាពរុងរឿងយ៉ាងខ្លាំងក្នុងប្រវត្តិសាស្រ្តព្រះពុទ្ធសាសនានៅភាគខាងត្បូងប្រទេសចិន។ ក្នុងសម័យរាជវង្សមិង (Ming) និងឈីង (Qing) វត្តនេះត្រូវបានជួសជុលចំនួន ៦ ដង។
• អគារដើមរបស់វត្តយ៉ុងឈីងត្រូវបានកម្ទេចចោលស្ទើរតែទាំងស្រុងនៅឆ្នាំ ១៩៥៨ (ក្នុងសម័យបដិវត្តន៍វប្បធម៌ចិន) ហើយព្រះសង្ឃក៏ត្រូវបានបំបែកចេញពីគ្នា។
• នៅឆ្នាំ ១៩៩៣ វត្តបានចាប់ផ្តើមគម្រោងសាងសង់ឡើងវិញ ហើយបានបើកជាសាធារណៈនៅឆ្នាំ ១៩៩៩ ដោយមានការស្ថាបនាឡើងវិញនូវអគាររចនាបទបុរាណជាច្រើន រួមទាំងសាលាវេនឆាងដែលទើបនឹងឆេះនេះផងដែរ។
• នៅឆ្នាំ ២០០៧ វត្តនេះត្រូវបានចុះបញ្ជីជាអង្គភាពវត្ថុបុរាណវប្បធម៌ដែលត្រូវបានការពារដោយទីក្រុងចាងជាកាំង។
នៅវេលាម៉ោង ១១:២៤ នាទីព្រឹក ថ្ងៃទី ១២ ខែ វិច្ឆិកា អគ្គិភ័យបានផ្តើមឆាបឆេះចេញពីអគារសាលាប្រវត្តិសាស្ត្រមួយឈ្មោះ សាលាវេនឆាង (Wenchang Pavilion)នៃវត្តនេះ។
សាលាវេនឆាង (Wenchang Pavilion) ដែលបានឆេះរលត់ទៅនោះ គឺត្រូវបានគេជឿថាជាកន្លែងដែលអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់របស់ចិនឈ្មោះ ស៊ី ណៃអាន (Shi Nai’an) ធ្លាប់បានលាក់ខ្លួន និងនិពន្ធផ្នែកខ្លះនៃប្រលោមលោកបុរាណដ៏អស្ចារ្យមួយរបស់ចិន គឺរឿងអ្នកក្លាហាននៅភ្នំលាងសាន The Water Margin ដែលកើតឡើងក្នុងអំឡុងចុងសម័យរាជវង្សយាន។
នៅក្នុងអក្សរសិល្ប៍ចិន មានរឿងប្រលោកលោកចំនួនបួនដែលគេចាត់ទុកថាជាស្នាដៃដ៏អស្ចារ្យបំផុតនោះគឺ ១. រឿងសាមកុក ឬនគរទាំងបី ២. រឿងដំណើរឆ្ពោះទៅទិសខាងលិច ឬថាំងចេងទៅចម្លងធម៌ ៣. រឿងអ្នកក្លាហានភ្នំលាងសាន ៤. រឿងសុបិន្តក្នុងវិមានក្រហម។
Mao Vutha













