គណៈវិនិច្ឆ័យសហព័ន្ធនៅរដ្ឋកាលីហ្វ័រញ៉ាបាននិយាយកាលពីថ្ងៃសុក្រថាក្រុមហ៊ុន Apple ជំពាក់ក្រុមហ៊ុនបច្ចេកវិទ្យាត្រួតពិនិត្យវេជ្ជសាស្ត្រ Masimo 634 លានដុល្លារសម្រាប់ការរំលោភប៉ាតង់ដែលគ្របដណ្តប់បច្ចេកវិទ្យាការអានអុកស៊ីសែនក្នុងឈាម។ គណៈវិនិច្ឆ័យបានយល់ព្រមជាមួយ Masimo ថាមុខងារហាត់ប្រាណរបស់ Apple Watch និងមុខងារជូនដំណឹងអំពីអត្រាបេះដូងបានរំលោភលើសិទ្ធិប៉ាតង់របស់ Masimo នេះបើតាមអ្នកនាំពាក្យ ក្រុមហ៊ុន Masimo បានបញ្ជាក់។
អ្នកនាំពាក្យ Apple បាននិយាយថា ក្រុមហ៊ុនមិនយល់ស្របនឹងសាលក្រមនេះទេ ហើយនឹងប្តឹងឧទ្ធរណ៍។ អ្នកនាំពាក្យរូបនេះបាននិយាយថា “ក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ (Masimo) បានប្តឹង Apple នៅក្នុងតុលាការជាច្រើន និងបានអះអាងជាង 25 ប៉ាតង់ ដែលភាគច្រើនត្រូវបានរកឃើញថាមិនត្រឹមត្រូវ” ។ “ប៉ាតង់តែមួយក្នុងករណីនេះបានផុតកំណត់នៅឆ្នាំ 2022 ហើយមានលក្ខណៈជាក់លាក់ចំពោះបច្ចេកវិជ្ជាត្រួតពិនិត្យអ្នកជំងឺជាប្រវត្តិសាស្ត្រតាំងពីរាប់ទសវត្សរ៍មុន”។
ចំណែកMasimo ចាត់ទុកសាលក្រមថា ជាការឈ្នះយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ពួកគេដើម្បីការពារការច្នៃប្រឌិត និងកម្មសិទ្ធិបញ្ញាក្រុមហ៊ុន។
Masimo បានចោទប្រកាន់ក្រុមហ៊ុន Apple ពីការជួលបុគ្គលិករបស់ខ្លួន និងលួចបច្ចេកវិទ្យា oximetry ជីពចររបស់ខ្លួនដើម្បីប្រើនៅក្នុង Apple Watches ។
ជម្លោះនេះបាននាំឱ្យតុលាការពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិករារាំងការនាំចូលនាឡិកាឆ្លាតវៃស៊េរី 9 និង Ultra 2 របស់ Apple ក្នុងឆ្នាំ 2023 បន្ទាប់ពីបានរកឃើញថាបច្ចេកវិទ្យារបស់ Apple បានរំលោភលើប៉ាតង់របស់ Masimo ។
ក្រុមហ៊ុន Apple បានដកបច្ចេកវិទ្យាអានអុកស៊ីហ្សែនក្នុងឈាមចេញពីនាឡិការរបស់ខ្លួន ដើម្បីជៀសវាងការហាមឃាត់ និងបានណែនាំបច្ចេកវិទ្យាកំណែថ្មីឡើងវិញនៅក្នុងខែសីហា ដោយមានការយល់ព្រមពីគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក។
Masimo បានដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ប្រឆាំងនឹងគយជុំវិញការសម្រេចចិត្តនេះ។ Apple បានជំទាស់ដាច់ពីគ្នាលើការហាមឃាត់ការនាំចូលនៅតុលាការឧទ្ធរណ៍សហព័ន្ធ៕










