ព័រទុយហ្កាល់ និងចក្រភពអង់គ្លេសរងការវាយប្រហារដោយព្យុះឈ្មោះ Claudia

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរនៅប្រទេសព័រទុយហ្កាល់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានឱ្យដឹងថា អាកាសធាតុអាក្រក់បណ្តាលមកពីព្យុះឈ្មោះ Claudia បានសម្លាប់មនុស្សយ៉ាងហោច៣នាក់ និងបង្កឱ្យរបួសជាច្រើននាក់ផ្សេងទៀត ខណៈអាជ្ញាធរនៅឯចក្រភពអង់គ្លេស ត្រូវជម្លៀសខ្លួនប្រជាជនដោយសារតែការជន់លិចធ្ងន់ធ្ងរ ក្នុងប្រទេសវែលស៍និងអង់គ្លេស។

ព័រទុយហ្កាល់ ព្រមទាំងផ្នែកមួយចំនួននៃប្រទេសអេស៉្បាញ ដែលស្ថិតនៅជាប់គ្នា បានប្រឈមមុខជាមួយលក្ខខណ្ឌអាកាសធាតុអាក្រក់ប៉ុន្មានថ្ងៃមកហើយ ដោយសារតែព្យុះ Claudia ដែលបានបោកបក់ទៅដល់ចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ កាលពីថ្ងៃសៅរ៍។ សាកសពប្តីប្រពន្ធវ័យចំណាស់២នាក់ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ពួកគេ ដែលជន់លិចនៅទីក្រុង Fernao Ferro កាលពីថ្ងៃព្រហស្បតិ៍។
រីឯកាលពីថ្ងៃសៅរ៍ មនុស្សម្នាក់ទៀត ត្រូវរាយការណ៍ថាបានស្លាប់ នៅពេលព្យុះកំបុតត្បូងកកើតឡើងដោយសារឥទ្ធិពលព្យុះ Claudia បានវាយប្រហារទីក្រុង Albufeira។ ក្រៅពីនេះ មនុស្ស២៨នាក់ផ្សេងទៀត បានរងរបួស។
នៅចក្រភពអង់គ្លេសឯណោះវិញ ព្យុះ Claudia បាននាំមកនូវការជន់លិចយ៉ាងខ្លាំងក្លា ក្នុងក្រុង Monmouth ព្រមទាំងតំបន់ជុំវិញនោះ ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសវែលស៍ កាលពីសៅរ៍ ខណៈសារព្រមានអំពីគ្រោះទឹកជំនន់ ត្រូវបានប្រកាសចេញ នៅពាសពេញទាំងវែលស៍និងអង់គ្លេស៕

...

រូប​ថត​:i stock

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print