ស្វែងយល់ ពីប្រទេសដែលអសុវត្ថិភាពជាងគេបំផុតទាំង១០លើពិភពលោក ក្នុងឆ្នាំ២០២៥នេះ !

ចែករំលែក៖

អន្តរជាតិ ៖ សង្គ្រាម ជម្លោះ ភេវរកម្ម គ្រោះធម្មជាតិ និងស្ថានភាពសេវាសាធារណ:នៅក្នុងប្រទេសនីមួយៗសុទ្ធតែជាកត្តាកំណត់សុវត្ថិភាព និងសន្តិសុខរបស់ខ្លួន។ ខណ:ដែលពិភពលោកនៅតែមានបញ្ហាទាំងនោះបន្តកើតឡើង អសុវត្ថិភាពនិងអសន្តិសុខនៅតែមានតាមបណ្ដាប្រទេសដែលកំពុងស្ថិតក្នុងស្ថានភាពនោះ។ ខាងក្រោមជាប្រទេសទាំង១០ដែលអសុវត្ថិភាពបំផុតក្នុងឆ្នាំ២០២៥ ផ្នែកតាមពិន្ទុនៃសន្ទស្សន៍សន្តិភាពសកល [GPI]
ស្ថិរភាព និងភាពសុខសាន្តរបស់មនុស្សតាមប្រទេសមួយចំនួននៅបន្តស្ថិតក្រោមការគំរាមកំហែងនៅឡើយ។ នេះបើតាមសន្ទស្សន៍សន្តិភាពសកលឆ្នាំ២០២៥ [GPI]។ នេះក៏ដោយសារតែកត្តាសង្គ្រាមឈ្លានពាន ការប្ដូររដ្ឋាភិបាលតាមរយ:រដ្ឋប្រហារ សង្គ្រាមស៊ីវិល ភេវរកម្ម និងការកាប់សម្លាប់មនុស្សជាដើមនៅបន្តកើតឡើងពាសពេញសកល។
ប្រទេសគ្រោះថ្នាក់ ឬគ្មានសុវត្ថិភាពក្នុងន័យនេះគឺសំដៅដល់ប្រទេសទាំងឡាយណាដែលបង្កហានិភ័យក្នុងរូបភាពសំខាន់មួយចំនួនក្នុងកម្រិតខ្ពស់។ រូបភាពចម្បងៗទាំងនោះមានដូចជាអត្រាឧក្រិដ្ឋកម្ម សុខភាព គ្រោះធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ ជម្លោះ ទំនាស់ផ្ទៃក្នុង និងភេវរកម្មជាដើម។
ខាងក្រោមនេះជាប្រទេសដែលគ្មានសុវត្ថិភាពជាងគេទាំង១០ ក្នុងឆ្នាំ២០២៥នេះ។ ចំណាត់ថ្នាក់របស់ប្រទេសខាងក្រោមគឺផ្អែកតាមពិន្ទុ GPI ដោយប្រទេសណាមានពិន្ទុនេះច្រើនជាងគេត្រូវចាត់ទុកជាប្រទេសគ្មានសុវត្ថិភាពឬគ្រោះថ្នាក់ជាងគេ។
-១. ប្រទេសរុស្ស៊ី

រុស្ស៊ីកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលគ្រោះថ្នាក់បំផុត ដោយមានពិន្ទុ GPI ខ្ពស់ជាងគេដល់ទៅ ៣,៤៤១ពិន្ទុ។ កត្តាដែលធំបំផុតដែលធ្វើឱ្យប្រទេសនេះជាប់ក្នុងបញ្ជីប្រទេសអសុវត្ថិភាពបំផុតគឺការធ្វើសង្គ្រាមជាមួយអ៊ុយក្រែនតាំងពីឆ្នាំ២០២២។
ចំណុចដែលពិសេសគឺប្រទេសនេះរងការវាយប្រហារតបពីអ៊ុយក្រែនវិញដូចជាការធ្វើសមរភូមិតំបន់ Kursk របស់ខ្លួនពីសំណាក់អ៊ុយក្រែន និងការប្រើដ្រូននិងមីស៊ីលវាយប្រហារចូលក្រុងនិងទីតាំងប្រេងរបស់ខ្លួនជាបន្តបន្ទាប់។ មួយវិញទៀត ស្ថានភាពនយោបាយនិងការគ្រប់គ្រងរដ្ឋាភិបាលរបស់ប្រទេសនេះក៏មិនធានាស្ថិរភាពប៉ុន្មានដែរ។
-២. ប្រទេសអ៊ុយក្រែន
ប្រទេសដែលត្រូវរុស្ស៊ីឈ្លានពានជាង៣ឆ្នាំនេះ ជាប់ក្នុងចំណាត់ថ្នាក់លេខ២ ដោយទទួលបានពិន្ទុ GPI ដល់ទៅ ៣,៤៣៤។ នេះគឺដោយសារតែត្រូវទទួលរងការវាតទីពីយោធារុស្ស៊ី ដែលបង្កឱ្យមានយោធានិងមនុស្សរាប់សែននាក់បានស្លាប់ ទីក្រុងជាច្រើនត្រូវបានបំផ្លាញ មនុស្សរាប់លាននាក់ចាកចេញពីប្រទេស និងទឹកដីមួយផ្នែកត្រូវបានរុស្ស៊ីកាន់កាប់។
ទោះបីសង្គ្រាមនៅបន្តហើយជំនួយពីលោកខាងលិចនៅតែមានមកទល់បច្ចុប្បន្ន តែមានអ្នកវិភាគជាច្រើនជឿថាអ៊ុយក្រែនបាននឹងកំពុងចាញ់សង្គ្រាម និងបាត់បង់ទឹកដីជាបន្តបន្ទាប់។

-៣. ប្រទេសស៊ូដង់
ស៊ូដង់ជាប់ចំណាត់ថ្នាក់ទី៣ក្នុងបញ្ជី ដោយមានពិន្ទុ GPI ចំនួន ៣,៣២៣ពិន្ទុ។ នេះក៏ដោយសារតែសង្គ្រាមស៊ីវិលរវាងក្រុមយោធាស៊ូដង់ [SAF] និងក្រុមកម្លាំងគាំទ្រ [RSF] ដែលបានផ្ទុះឡើងតាំងពីខែមេសា ឆ្នាំ២០២៣ និងបន្តមកទល់ឥឡូវ ដែលបណ្ដាលឱ្យមនុស្សយ៉ាងតិច១,៥សែននាក់បាត់បង់ជីវិត។
សង្គ្រាមស៊ីវិលនៅស៊ូដង់ដែលត្រូវបានអង្គការសហប្រជាជាតិចាត់ទុកជាសង្គ្រាមបង្កវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុតមួយនេះ បណ្ដាលឱ្យពលរដ្ឋស៊ូដង់២៥លាននាក់ដែលស្មើនឹងជាងពាក់កណ្ដាលនៃប្រជាជនសរុប កំពុងត្រូវការជំនួយមនុស្សធម៌។
-៤. ប្រទេសកុងហ្កោ
កុងហ្កោ ជាប្រទេសអាហ្វ្រិកដែលកំពុងស្ថិតក្នុងរណ្ដៅសង្គ្រាមស៊ីវិល មានពិន្ទុ GPI ស្មើនឹង ៣,២៩២។ ប្រទេសនេះបានក្លាយជាដែនជម្លោះរវាងក្រុមឧទ្ទាមប្រដាប់អាវុធដូចជា M23 និងក្រុមអ៊ីស្លាម ADF ដែលដណ្ដើមទឹកដីគ្នាកាន់កាប់។ គ្រាន់តែជម្លោះ៣ខែដំបូងនៃឆ្នាំ២០២៥ បានបណ្ដាលឱ្យមនុស្សស្លាប់ជាង២៥០០នាក់។
-៥. ប្រទេសយ៉េមែន
យ៉េមែនមានពិន្ទុ GPI ស្មើនឹង ៣,២៦២ ដែលធ្វើឱ្យជាប់ចំណាត់ថ្នាក់លេខ៥។ ប្រទេសនេះ ចំណុះដោយក្រុមឧទ្ទាមប្រដាប់អាវុធដ៏ធំមួយគឺក្រុមហ៊ូទីស ដែលតែងតែបង្កជម្លោះជាមួយអ៊ីស្រាអែល និងជាមួយយោធាអាម៉េរិកដែលតាំងវត្តមានក្នុងសមុទ្រក្រហម។
ជម្លោះជាមួយអ៊ីស្រាអែលនិងអាម៉េរិករបស់ក្រុមហ៊ូទីស បណ្ដាលឱ្យមានការបាញ់ប្រហារចូលប្រទេសនេះដែលបង្កឱ្យមានអស្ថិរភាព ការខូចខាតទ្រព្យសម្បត្តិ និងការបាត់បង់ជីវិត។ មួយវិញទៀត ប្រទេសនេះកំពុងធ្លាក់ក្នុងវិបត្តមនុស្សធម៌ ភាពអត់ឃ្លាន និងជំងឺរាតត្បាតផងដែរ។
-៦. ប្រទេសអាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថានជាប់ចំណាត់ថ្នាក់ទី៦ ដែលមានពិន្ទុ GPI ក្នុងឆ្នាំ២០២៥ ចំនួន ៣,២២៩ពិន្ទុ។ ថ្វីដ្បិតតែអាម៉េរិកសម្រេចដកទ័ពទាំងស្រុងក្នុងឆ្នាំ២០២១ តែប្រទេសនេះត្រូវជំនួយវិញដោយការគ្រប់គ្រងរបស់ក្រុងឧទ្ទាមតាលីបង់។
ក្នុងឆ្នាំ២០២៥នេះ អាហ្វហ្កានីស្ថាននៅតែជាប្រទេសដែលគ្រោះថ្នាក់ និងគ្មានសុវត្ថិភាព។ ក្រោមការគ្រប់គ្រងរបស់តាលីបង់ ការអនុវត្តច្បាប់របស់ប្រទេសនេះមានភាពតឹងតែង ដែលបណ្ដាលឱ្យមានការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំង។ មួយវិញទៀត ប្រទេសនេះស្ថិតក្រោមទណ្ឌកម្មសេដ្ឋកិច្ច ហើយបណ្ដាលឱ្យមនុស្ស២៣លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ដើម្បីបន្តជីវិត។
-៧. ប្រទេសស៊ីរី

ប្រទេសមជ្ឈិមបូព៌ាមួយនេះស្ថិតក្នុងចំណាត់ថ្នាក់អសុវត្ថិភាពបំផុតទី៧ ដែលមានពិន្ទុ GPI ចំនួន ៣,១៨៤។ប្រទេសនេះទើបតែរួចផុតពីសង្គ្រាមស៊ីវិលជាង១៤ឆ្នាំក្រោមរបបនៃការគ្រប់គ្រងរបស់លោក Assad កាលពីចុងឆ្នាំ២០២៤។ សង្គ្រាមជាង១ទស្សវត្សរ៍បានបង្កឱ្យមនុស្សស្លាប់ជាង៦សែននាក់។
ទោះជាយ៉ាងនេះក្ដី ប្រទេសនៅស្ថិតក្នុងសភាពផុយស្រួយនៅឡើយ ព្រោះនៅរងការវាយប្រហារពីអ៊ីស្រាអែល ការខូចខាតហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ សេដ្ឋកិច្ចទើបតែចាប់ផ្ដើមសារជាថ្មីក្រោយការលើកលែងទណ្ឌកម្ម។ ហើយប្រជាជនជាង៥លាននាក់បានចាកចេញពីប្រទេសអំឡុងសង្គ្រាម។

-៨. ប្រទេសស៊ូដង់ខាងត្បូង
ប្រទេសអាហ្វ្រិកដែលទើបបង្កើតថ្មីនេះ នៅតែមានភាពអសន្តិសុខនិងគ្រោះថ្នាក់ដោយសារតែភាពរ៉ាំរ៉ៃនៃជម្លោះផ្ទៃក្នុង។ ប្រទេសនេះស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ដោយមានពិន្ទុ GPI ចំនួន ៣,១១៧។ មិនត្រឹមតែមានជម្លោះជាតិសាសន៍ និងការសម្លាប់រង្គាលនោះទេ តែពលរដ្ឋប្រទេសនេះកំពុងរងគ្រោះដោយសារវិបត្តមនុស្សធម៌ ពោលមនុស្សរាប់លាននាក់រងភាពអត់ឃ្លាន។

-៩. ប្រទេសអ៊ីស្រាអែល
អ៊ីស្រាអែលជាប្រទេសមជ្ឈិមបូព៌ាមួយទៀតដែលជាប់លំដាប់ប្រទេសអស្ថិរភាពបំផុត ដោយមានពិន្ទុ GPI ស្មើនឹង ៣,១០៨។ ក្រោយព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ អ៊ីស្រាអែលក្លាយជាប្រទេសអស្ថិរភាពសារជាថ្មីមកទល់បច្ចុប្បន្ន ដោយមានជម្លោះប្រដាប់អាវុធជាមួយក្រុមឧទ្ទាមនិងប្រទេសក្បែរខាងសឹងទាំងអស់។
អ្វីដែលធ្វើឱ្យប្រទេសនេះអស្ថិរភាពគឺនយោបាយផ្ទៃក្នុងនិងការបាតុកម្មរបស់ពលរដ្ឋប្រឆាំងរដ្ឋាភិបាល ដែលបន្ថែមពីលើការរងការវាយប្រហារពីសត្រូវដែលខ្លួនបង្កជម្លោះជាមួយ តួយ៉ាងដូចជាក្រុមហេសប៉ូឡា ក្រុមហ៊ូទីស និងអ៊ីរ៉ង់ដែលជាសត្រូវធំរបស់ខ្លួនប្រចាំតំបន់។

-១០. ប្រទេសម៉ាលី
ម៉ាលីស្ថិតក្នុងចំណាត់ថ្នាក់ទី១០ក្នុងបញ្ជីដោយមានពិន្ទុ GPI ចំនួន៣,០៦១។ ប្រទេសនេះមានការធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២០ និង២០២១ ដោយរដ្ឋាភិបាលយោធាផ្ដាច់ទំនាក់ទំនងជាមួយភ្នាក់ងាររក្សាសន្តិភាពអន្តរជាតិ និងចាប់ដៃជាមួយក្រុមយោធាឯកជនរុស្ស៊ី។
ក្រោយការដកទាហានមួកខៀវរបស់អង្គការសហប្រជាជាតិនៅចុងឆ្នាំ២០២៣ ជម្លោះនិងការបង្ហូរឈាមកាន់តែកើតមានឡើង។ ក្រុមយោធាម៉ាលីប៉ះទង្គិចជាមួយក្រុមឧទ្ទាមប្រឆាំងជាញឹកញាប់។ ទន្ទឹមនេះអំពើហិង្សាពីសំណាក់ក្រុមប្រដាប់អាវុធអ៊ីស្លាមកើនឡើង។ កាលពីឆ្នាំ២០២៤ មានមនុស្សជាង២,៥ម៉ឺននាក់បាត់បង់ជីវិតក្នុងជម្លោះនៅតំបន់ Sahel ដែលបង្កដោយក្រុមភេរកម្ម៕

...

ប្រភព ៖ (ថ្មីថ្មី)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print