ខេត្តព្រះសីហនុ ៖ យោងតាមការផ្សាយផេកផ្លូវការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2025 នេះបានឲ្យដឹងថា
ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ការចង្អុល បង្ហាញដោយផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងនគរបាលជំនាញបង្ក្រាបបទល្មើសជាច្រើនករណី ដូចតទៅ ៖
-ករណីហិង្សាដោយចេតនា (កាប់ដោយប្រើពូថៅ) កើត ហេតុនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កដោយជនសង្ស័យមាន ឈ្មោះ វ៉ាន់ វិន អាយុ៣២ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅ លើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះរបួសរយះហូរ ឈាម យកទៅមន្ទីរពេទ្យព្យាបាលភ្លាមៗ ។
-ករណីឆក់ទូរស័ព្ទ កើតហេតុនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅចំនុចរង្វង់មូលត្រីដូហ្វីន សង្កាត់លេខ៣ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ជនជាតិខ្មែរ មានភស្តុតាងជាក់ស្តែង ។ វត្ថុតាងចាប់យកមានទូរស័ព្ទដៃចំនួន ១គ្រឿង ។
-ករណីឆក់ទូរស័ព្ទ (ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥) មានករណីឆក់ទូរស័ព្ទដៃមួយករណីកើតនៅម្តុំផ្លូវ កាស៊ីណូ ណានហៃ សង្កាត់លេខ៣ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ មានឈ្មោះ សន ទ្បៃ (អាយុ១៩ឆ្នាំ) ។
-ករណីវាយបំផ្លាញទ្រព្យសម្បត្តិ (គប់ថ្មបែកកញ្ចក់រថយន្ត) កើតហេតុនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមផ្លូវជាតិលេខ៤ ចំណោតយាយម៉ៅ ។ ឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ផៃ ថុន អាយុ៤៧ឆ្នាំ ។
-ករណីវាយបំផ្លាញទ្រព្យសម្បត្តិដោយជនជាតិបរទេស (ជនជាតិឥណ្ឌា) កើតហេតុនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផែក្របី សង្កាត់លេខ៣ ។ ជនសង្ស័យមានឈ្មោះ PRAKASH SANGILIPANDI (ជនជាតិឥណ្ឌា) ។
-ករណីលួចម៉ូតូចំនួន២ករណី (នៅថ្ងៃទី៨ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥)
• ឃាត់ជនសង្ស័យខ្មែរ និងចិន សរុប២នាក់
• ដកហូតម៉ូតូបានវិញ២គ្រឿង (Honda CB150CC និង Honda BEAT)
• សម្ភារបានប្រគល់វិញឲ្យម្ចាស់តាមច្បាប់ ។
ករណីខាងលើ បានកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលសហការផ្តល់ព័ត៌មាន និងបន្តអំពាវនាវឲ្យសហការជាមួយសមត្ថកិច្ច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមឲ្យបានប្រកបដោយសុខសាន្ដ និងសុវត្ថិភាពជាបន្តទៀត ៕










