ខេត្តកណ្តាល ÷ មនុស្ស០២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងទីតាំងកើតហេតុ បង្កឡើងដោយអ្នកបើក បរម៉ូតូជិះបញ្ច្រាស់ផ្លូវពេលយប់ បុកគ្នាជាមួយអ្នកបើកបរម៉ូតូផ្លូវអទិភាពផ្លូវស្រប ស្នូរដូចរន្ទះ (សម្លេងក្នុងកាមេរាសុវត្ថិភាព) ដែលហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង០១និង០០នាទីកណ្តាលអាធ្រាតឆ្លងចូលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុចលើផ្លូវជាតិលេខ(២) អែបរបងសាលាខេត្តកណ្តាល ខាងលិច ជាផ្លូវឯកទិស( ភ្នំពេញ- តាខ្មៅ) ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុមានម៉ូតូ ១ គ្រឿងម៉ាក HONDA BEAT ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1JA-3528 អ្នកបើកបរឈ្មោះ សួស វិទូ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព) ម៉ូតូបើកបរតាមបណ្ដោយផ្លូវជាតិលេខ២ មានទិសដៅពីត្បូងទៅជើង(បើកបញ្ច្រាសផ្លូវ)។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាក HONDA SCOOPY ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FW-7228 បើកបរដោយឈ្មោះ ម៉ា យ៉ុងស្រ៊ុន ភេទប្រុសអាយុ២៤ ឆ្នាំ មានទី លំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ពាក់មួកសុវត្ថិភាព) ម៉ូតូបើកបរមានទិសដៅពីជើងទៅត្បូង (ផ្លូវអទិភាព ) បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ទាំង០២នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
លោកអធិការបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ចូលហ្គ្រុបតេឡេក្រាម(អធិការដ្ធាននគរបាលក្រុងតាខ្មៅ)ភ្លាម លោកបានបញ្ជាកម្លាំងជំនាញចរាចរណ៍ក្រុង សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលដើមមៀន ចុះអន្តរាគមន៏ដល់ទីតាំងកើតហេតុ ។
ក្រោយការពិនិត្យវាស់វែងសមត្ថកិច្ចបានប្រគល់ សព ជនរងគ្រោះ ម៉ា យ៉ុងស៊្រុន ជូនក្រុមគ្រួសារទាំងយប់ ចំនែកសពជនរងគ្រោះ ឈ្មោះ សួស វិទូ បានរៀបចំវិចខ្ចប់ក្រណាត់កៅស៊ូផ្លាស្ទិក រក្សាទុកក្នុងសាលមន្ទីរពេទ្យបង្អែកជ័យជំនះ រហូតព្រឹកថ្ងៃដដែលទើបក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ម៉ូតូទាំង២គ្រឿងរងការខូចខាតធ្ងន់ ត្រូវបានយកមករក្សាទុកនៅអធិការដ្ធាននគរបាលក្រុងតាខ្មៅជាបណ្តោះអាសន្ន ។
សមត្ថកិច្ចបានដាក់សេចក្តីសន្និដ្ធាន ដោយយោងកាមេរ៉ាសុវត្ថិភាព គឺបណ្តាលមកពី ជនរងគ្រោះជិះម៉ូតូ BEAT បើកបរបញ្ច្រាសស្លាកចរាចរណ៏ (បញ្ច្រាសផ្លូវ ដែលជាផ្លូវឯកទិស)៕










