ខេត្តព្រះសីហនុ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរួមគ្នា ធ្វើពិធីផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និងការប្រើប្រាស់App NoDrug ដល់ អង្គភាព និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកព្រៃនប់ជិត២០០នាក់។
ក្នុងនាមលោក ម៉ាង ស៊ីណេត អភិបាលខេត្ត លោកបណ្ឌិត អ៊ី ធារិន អភិបាលស្រុក បានមានប្រសាសន៍ ដោយបានលើកឡើងពីស្ថានភាពទូទៅ ពិសេសបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានដែលគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកព្រៃនប់ បានខិតខំធ្វើការប្រយុទ្ធប្រឆាំងដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង។
ថ្លែងក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំការកោតសរសើរពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនចំពោះ អាជ្ញាធរគ្រប់ថ្នាក់នៃខេត្តព្រះសីហនុនិយាយជារួមនិងនិយាយដោយឡែកអាជ្ញាធរស្រុកព្រៃនប់ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងបន្តថាស្រុកព្រៃនប់ ជាស្រុកដំបូងគេដែលបានធ្វើការងារផ្សព្វផ្សាយ ដល់ប្រតិបត្តិករផ្ទាល់ពិសេសពីមេឃុំ មេភូមិ ព្រមទាំងនាយកសាលាទូទាំងស្រុកសូមបន្តយកចិត្តទុកដាក់ លើកកម្ពស់ការងារផ្សព្វផ្សាយនេះឱ្យបានទូលំទូលាយពីបញ្ហាគ្រឿងញៀនក៏ដូចជាជំរុញការប្រើប្រាស់App NoDrug ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីប្រសិទ្ធភាព បង្ការទប់ស្កាត់បានកុំឲ្យប្រជាពលរដ្ឋធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន “គ្មានគ្រឿងញៀន សហគមន៍សុខសាន្ត មានការអភិវឌ្ឍ”៕ដោយ៖តារា










