ខេត្តបន្ទាយមានជ័យ ៖ នារីជាពលករខ្មែរម្នាក់ ក្នុងចំណោមពលករជាង ១០នាក់ ត្រូវបានទាហានឈុតខ្មៅថៃមួយក្រុមមានគ្នា៧នាក់ ចាប់រំលោភ នៅពេលដែលចាកចេញពីប្រទេសថៃដើម្បីឆ្លងដែនចូលមកកម្ពុជានាយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ខណៈមកដល់កម្ពុជានារីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីស្វែងរកយុត្តិធម៌។
បើតាមលោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួង មហាផ្ទៃបានបញ្ជាក់ថា ជានីតិវិធី និងជាវិធានការ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នឹងធ្វើបណ្តឹងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃ, ធ្វើបណ្តឹងតវ៉ាតាមរយៈទូត និងធ្វើបណ្តឹង តវ៉ាតាមរយៈអង្គការអន្តរជាតិ ដើម្បីឱ្យសមត្ថកិច្ចថៃតាមចាប់អ្នកប្រព្រឹត្តល្មើសមកអនុវត្តទោស ព្រោះនេះជាអំពើ មិនអាចទទួលយកបាន។ ដូច្នេះ កម្ពុជាទទូចឱ្យ សមត្ថកិច្ចថៃត្រូវចាប់ខ្លួនជនទាំង៧នាក់ និងអ្នកពាក់ព័ន្ធទាំងអស់យកមកផ្តន្ទាទោសនិងប្រកាសជាសាធារណៈដើម្បីឱ្យពិភពលោកបានដឹងថា ខ្លួនបានចាត់វិធានការទៅលើជនល្មើសដែលជាកងកម្លាំងរបស់ខ្លួន(ថៃ)។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ដល់កិច្ចសម្ភាសជូនអ្នកសារព័ត៌មាន ជុំវិញករណីក្រុមទាហានឈុតខ្មៅថៃរំលោភរាងកាយ យុវតីខ្មែរ និងស្ថានភាពជនភៀសសឹក មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ! ៕
ដោយ ៖ សិលា










