រាជរដ្ឋាភិបាលបានផ្តោតចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា នៅក្នុងក្របខណ្ឌ នៃការលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅមូលដ្ឋាន រាជរដ្ឋាភិបាលបានផ្តោតចម្បងលើ ការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការដាក់ចេញឱ្យអនុវត្តវិធានការគន្លឹះជាក់ស្តែង រួមមាន៖ (១)ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក (២)ការអភិវឌ្ឍ សមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង (៣)ការកសាងភាព ជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន។

ប្រសាសន៍ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) និងកម្រិត២ (CPA2) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តកោះកុង។

លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គូសបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងស្មារតីនេះ ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ៦៩៩នាក់ ដើម្បីបំពេញចំនួនមន្ត្រីសុខាភិបាលឱ្យបានយ៉ាងតិច ៧រូប នៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស និងឈានទៅការបំពេញឱ្យបានគ្រប់ យ៉ាងតិច ៨រូប នាពេលខាងមុខ។” 

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា “ការពង្រឹងអភិបាលកិច្ច និងការកែលម្អគុណភាពសេវាសុខាភិបាលមូលដ្ឋាន គឺជាការរួមចំណែកដ៏មានតម្លៃ ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការលើកកម្ពស់គុណភាព, ពង្រីកវិសាលភាព គ្របដណ្តប់ និងបង្កើនប្រសិទ្ធភាពនៃសេវាសុខាភិបាលនៅកម្ពុជា។”

សូមជម្រាបថា បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចុះទស្សនកិច្ច តាមស្តង់ពិព័រណ៍នានារបស់អង្គភាពជ័យលាភីផ្តល់សេវា សាធារណៈគំរូចំណាត់ថ្នាក់លេខ១ ដល់លេខ ៥ ក្នុងវិស័យសុខាភិបាល (CPA1+CPA2) ឆ្នាំ២០២៤ បានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណសាលមហោស្រពខេត្តកោះកុង ផងដែរ។ លើសពីនេះនាព្រឹកដដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលទទួលបានជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២ (CPA2) និងជួបផ្ទាល់ជាមួយ បុគ្គលិក លោកគ្រូអ្នកគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ដែលគាំទ្រមន្ទីរពេទ្យបង្អែកខេត្តកោះកុង ផងដែរ។

សិក្ខាសាលារយៈពេល ២ថ្ងៃនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តកោះកុង អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរាជធានី-ខេត្ត ប្រធានមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ និងកម្រិត២ ទូទាំងប្រទេស សរុបប្រមាណ ៤៥០នាក់៕

ប្រភព ៖ (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print