ខេត្តស្វាយរៀង: ជនសង្ស័យចំនួន៣០ នាក់ជាជនជាតិវៀតណាម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងពីរកន្លែងស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូហេងៗ២ ស្ថិតនៅសង្កាត់/ក្រុងបាវិតខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុង ប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈជាវត្ថុតាង រួមមាន កុំព្យូទ័រលើតុ (All in one) ចំនួន១១៥គ្រឿង, កុំព្យូទ័រយួរដៃចំនួន២គ្រឿង, ធុងPC ចំនួន១០គ្រឿង, ទូរស័ព្ទចំនួន ៧គ្រឿង, Monitor ចំនួន ១៥គ្រឿង និងទូ ទូរស័ព្ទ(Call Center) ចំនួន ១៦ទូ, លិខិតឆ្លងដែនចំនួន៦ក្បាល។
ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរ និងបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។
ក្នុងចំណោមជនសង្ស័យទាំងនោះ មាន២១នាក់ជាមុខសញ្ញាចាស់ ដោយពួកគេបានធ្វើសកម្មភាពឆបោកតាមរយៈរូបភាព លួងលោមឱ្យជនរងគ្រោះដាក់ទុនវិនិយោគលើគម្រោងផ្សេងៗដែលជាការវិនិយោគក្លែងក្លាយ និងតាមរូបភាពលួងលោមឱ្យជនរងគ្រោះដំឡើងកម្មវិធី ដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ និងគណនីធនាគាររបស់ជនរងគ្រោះ។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន ។
សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងនោះឡើយ៕ ដោយសុថាន










