ភ្នំពេញ ៖ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហោះថា ៖ សម្រាប់អ្នកបាត់ដំបង សៀមរាប ថ្ងៃទី១៧ ខែវិច្ឆិកានេះគឺជាថ្ងៃប្រវត្តិសាស្រ្តសំខាន់មួយគួរឲ្យ ចងចាំទុកព្រោះជាថ្ងៃដែលដែនដីខេត្តទាំងពីរនេះត្រូវបានប្រគល់មកឲ្យកម្ពុជាវិញ(កាលនោះស្ថិតក្រោមអាណាព្យាបាលបារាំង)ពីសំណាក់រាជការសៀមតាមរយៈសន្ធិសញ្ញាកិច្ចព្រមព្រៀងក្រុងវ៉ាស៊ីនតោនរវាងប្រទេសបារាំង និងប្រទេសសៀម ដែលមានឈ្មោះពេញថា Franco-Thai Settlement Agreement ដែលបានចុះហត្ថលេខានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាម៉េរិក។ កាលណានិយាយអំពីប្រវត្តិសាស្រ្តខេត្តបាត់ដំបងសៀមរាប និងប្រទេសសៀមមានថ្ងៃដែលគួរ ឲ្យចងចាំចំនួនពីរគឺ
១. ថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ សន្ធិសញ្ញាបារាំងសៀម
២.ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦ កិច្ចព្រមព្រៀងបារាំងថៃ
គួររម្លឹកផងដែរថាកាលនៅក្នុងសម័យសង្រ្គាមលោកលើកទី២ កងទ័ពចក្រភពជប៉ុនបានបើក ការវាយលុកដ៏រហ័ស ហើយវាតទីបានស្ទើរតែទាំងអស់លើតំបន់អាស៊ីអាគ្នេយ៍ ដោយដណ្តើម បានទឹកដីពីមហាអំណាចអឺរ៉ុប (អង់គ្លេស បារាំង ហូឡង់) និងសហរដ្ឋអាមេរិក។ជប៉ុនមាន បំណងបង្កើត មណ្ឌលវិបុលភាពរួមដ៏ធំនៅអាស៊ីបូព៌ា (Greater East Asia Co-Prosperity Sphere) និងធានាបាននូវការផ្គត់ផ្គង់ប្រេង និងធនធានធម្មជាតិសម្រាប់កិច្ចខិតខំ ប្រឹងប្រែងធ្វើ សង្គ្រាមរបស់ខ្លួន។ នៅប្រមាណឆ្នាំ១៩៤០ បារាំងបានធ្លាក់ដៃក្រោមកងទ័ពណាហ្សីរបស់ អាល្លឺម៉ង់ ហើយរដ្ឋាភិបាលរបស់ខ្លួននៅតំបន់ឥណ្ឌូចិនក៏ចុះទន់ខ្សោយយ៉ាងខ្លាំងផងដែរ។ឃើញឱកាសល្អបែបនេះរដ្ឋាភិបាលសៀមដែលដឹកនាំដោយពួកយោធានិយមប្រកាន់គំនិតជាតិ និយមជ្រុល និងដែលបានគុំនឹងបារាំងស្រាប់នោះក៏បានចងសម្ព័ន្ធភាពជាមួយនឹងជប៉ុន ក្នុងឆ្នាំ ១៩៤១ ដើម្បីឲ្យជប៉ុនជួយអន្តរាគមន៍ខ្លួនទាមទារយកដែនដីទាំងប៉ុន្មានដែលខ្លួនធ្លាប់គ្រប់គ្រង មុនឆ្នាំ១៩០៧យកពីបារាំងមកវិញ។ ជាលទ្ធផលកាលនោះជប៉ុនបានបង្ខំឲ្យបារាំងចុះ អនុសញ្ញាទីក្រុងតូក្យូ (Tokyo Convention) ឆ្នាំ១៩៤១ ដោយបានយល់ព្រមប្រគល់ទឹកដី បាត់ដំបង សៀមរាប រួម និងលាវទៅឲ្យភាគី សៀមវិញ។ តំណាងភាគីសៀមដែលមកទទួលការប្រគល់ដែនដី និងអ្នកបង្ហូតទង់ជាតិសៀមនៅក្នុងខេត្ត បាត់ដំបង គឺលោកឃួង អភ័យវង្ស កូនប្រុសរបស់លោកម្ចាស់បស្ចឹមកថាថនឈុំ។ នៅពេលសង្រ្គាមលោកលើកទី២បានបញ្ចប់ដោយបរាជ័យរបស់ជប៉ុន ប៉ុន្តែសៀមនៅតែរារែក មិនព្រមប្រគល់ដែនដីទាំងនោះមកបារាំងវិញទេដោយយកលេសជាច្រើនជំពូកតាមសន្តាន របស់សៀម។ សៀមកាលនោះបានស្នើសុំចូលជាសមាជិករបស់អង្គការសហប្រជាជាតិដែល ទើបបង្កើតថ្មីៗនោះ តែមិនបានសម្រេចនោះទេដោយសារតែបារាំងដែលជាសមាជិកអចិន្រ្តែយ៍ នៃក្រុមប្រឹក្សាសន្តិសុខនោះបានប្រើសិទ្ធិវេតូជំទាស់បេក្ខភាពរបស់សៀម។ ដើម្បីដោះស្រាយបញ្ហានេះ សហរដ្ឋអាម៉េរិកក៏បានផ្តួចផ្តើមសន្ធិសញ្ញាថ្មីរវាងបារាំងសៀមក្នុង គោលបំណង ដោះស្រាយផលវិបាកនៃសង្គ្រាមបារាំង-ថៃ (១៩៤០-១៩៤១) និងលុបចោល អនុសញ្ញាទីក្រុងតូក្យូ ឆ្នាំ១៩៤១ មុននោះដែលសៀមក្រោមការគាំទ្ររបស់ជប៉ុន បានកាន់កាប់ ទឹកដីពីឥណ្ឌូចិនរបស់បារាំង។ ជាលទ្ធផល កិច្ចព្រមព្រៀងដំណោះស្រាយបារាំង-សៀម ត្រូវបានចុះហត្ថលេខា នៅទីក្រុង វ៉ាស៊ីនតោននាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦។ ហើយភាគីសៀមបានយល់ព្រម ប្រគល់ទឹកដី ខ្មែរនិងលាវទាំងអស់នោះត្រឡប់ទៅឲ្យបារាំងវិញ ដើម្បីជាថ្នូរនឹងការបានចូលជាសមាជិក អង្គការសហប្រជាជាតិ។












