កោដ្ឋតម្កល់ព្រះបរមសពព្រះបាទស៊ីសុវត្ថិ តាំងនៅសារមន្ទីរជាតិ

ចែករំលែក៖

ភ្នំពេញ៖ ទំនៀមដាក់ព្រះបរមសពក្នុងកោដ្ឋ ជាទំនៀមមួយរបស់ខ្មែរ តាំងពីសម័យបុរាណតមក ដោយមានភស្តុតាងច្បាស់លាស់នៅសម័យអង្គរ គឺចម្លាក់នៅប្រាសាទបាយ័ន ។ កោដ្ឋ ត្រូវ បាន ប្រើសម្រាប់ ដាក់ សព អ្នក ដែល មាន ឋានៈ ខ្ពង់ ខ្ពស់ ក្នុង សង្គម រួមមាន ព្រះ រាជា ព្រះរាជវង្សានុវង្ស ព្រះ សង្ឃ ឬ អ្នក ទាំង ឡាយ ផ្សេង ទៀត ដែល ព្រះ មហាក្សត្រ ទ្រង់ រាជានុញ្ញាត។ ការដាក់ព្រះបរមសពក្នុងព្រះកោដ្ឋ គឺរៀបចំឲ្យព្រះសព គង់ផ្គុំព្រះបាទា មានលំនាំដូចទារកក្នុងផ្ទៃមាតា ដែលតំណាងឲ្យការកកើតឡើងវិញ ។

កោដ្ឋមានច្រើនសណ្ឋាន កោដ្ឋខ្លះសាងអំពីមាស ប្រាក់ ស្ពាន់ និងខ្លឹមចាន់ជាដើម។ ចំណែកកោដ្ឋខ្លះទៀតសាងអំពីឈើរួចស្រោបមាស ប្រាក់ ឬស្ពាន់ពីខាងក្រៅ។ តួយ៉ាងកោដ្ឋ តម្កល់ព្រះបរមសពព្រះបាទសម្តេចព្រះស៊ីសុវត្ថិ កាលស្តេចសោយព្រះទិវង្គតក្នុងព្រះជន្ម៨៨ ព្រះវស្សា នាថ្ងៃទី៨ ខែតុលា ឆ្នាំ១៩២៧។

កោដ្ឋនោះមានកម្ពស់ ២.៨៩ម៉ែត្រ ផ្នែកខាងក្នុងសាងអំពីឈើ ខាងក្រៅស្រោមដោយប្រាក់បិទទឹបមាស លម្អក្បាច់ភ្ញីយ៉ាងប្រណីត។ បើតាមឯកសារពីសារមន្ទីរជាតិ កោដ្ឋបុរាណនេះ ត្រូវបានព្រះរាជទានឱ្យសារមន្ទីរជាតិរក្សាទុកនៅកាលពីឆ្នាំ ១៩៦០។

តាមបវេណី គេមិនបូជាព្រះបរមសព រួមជាមួយកោដ្ឋឡើយ។ តួនាទីរបស់កោដ្ឋគឺសម្រាប់តម្កល់ព្រះរបមសពតែប៉ុណ្ណោះ។ រួចពីនោះ កោដ្ឋត្រូវបានរក្សាទុក ឬប្រើសម្រាប់តម្កល់ព្រះរបមសពព្រះរាជាអង្គក្រោយៗទៀត។ ប៉ុន្តែក៏អាចមានកោដ្ឋខ្លះត្រូវបានរំលាយសាងជាព្រះពុទ្ធរូប ឬវត្ថុសក្ការៈផ្សេងៗទៅតាមព្រះរាជបណ្តាំ។ ជាក់ស្តែងព្រះសុវណ្ណកោដ្ឋ តម្កល់ព្រះបរមសពព្រះបាទនរោត្តម ត្រូវបានរំលាយ គ្រឿងមាសលំអរព្រះកោដ្ឋក្រៅ និងតួព្រះកោដ្ឋក្នុងតាមព្រះរាជបណ្តាំ សាងទៅជាព្រះពុទ្ធបដិមាមាសសុទ្ធ ទ្រង់គ្រឿងក្សត្រ ព្រះនាមព្រះជិនរង្សីរាជនិករោត្តម តម្កល់ទុកក្នុងព្រះវិហារព្រះកែវមរកតសព្វថ្ងៃ៕

...

ប្រភព ៖ (ថ្មីថ្មី) ដោយ៖ តុប វណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print