តុលាការកំពូលថៃបានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បង់ពន្ធទាក់ទងនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍របស់គាត់ ដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥៤០ លានដុល្លារ។
អ្នកនាំពាក្យតុលាការកំពូល លោក ស៊ូរីយ៉ាន់ ហុងវីឡៃ បាននិយាយនៅថ្ងៃទី ១៧ ខែវិច្ឆិកាថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវតែអនុវត្តតាមបញ្ជាពន្ធទាក់ទងនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍ Shin Corp របស់គាត់កាលពីអតីតកាល។
លោក ស៊ូរីយ៉ាន់ មិនបានបញ្ជាក់ថាអតីតនាយករដ្ឋមន្ត្រីត្រូវបង់ប៉ុន្មានទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយថៃបាននិយាយថា តុលាការបានបញ្ជាឱ្យលោក ថាក់ស៊ីន បង់ប្រាក់ពន្ធ និងពិន័យចំនួន ១៧,៦ ពាន់លានបាត (ប្រហែល ៥៤០ លានដុល្លារ)។
នៅឆ្នាំ ២០០៦ លោក ថាក់ស៊ីន បានប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយ និងភាពចម្រូងចម្រាសជុំវិញការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ Shin Corp ដោយមិនបានបង់ពន្ធ។ នៅឆ្នាំដដែលនោះ អតីតនាយករដ្ឋមន្ត្រីថៃត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារ ហើយបានចំណាយពេលជាងមួយទសវត្សរ៍ក្នុងការនិរទេសខ្លួន។ នៅឆ្នាំ ២០១៧ ការិយាល័យពន្ធដារថៃបានកំណត់ពិន័យលោក ថាក់ស៊ីន ចំនួន ៥០០ លានដុល្លារ។
លោក ថាក់ស៊ីន អាយុ ៧៦ ឆ្នាំ កំពុងជាប់ពន្ធនាគាររយៈពេលមួយឆ្នាំនៅពន្ធនាគារខ្លងព្រេម ក្នុងទីក្រុងបាងកក ដែលជាពន្ធនាគារដ៏តឹងរ៉ឹងបំផុតមួយរបស់ប្រទេសថៃ។ លោកត្រូវបានផ្ទេរទៅកាន់អគារវេជ្ជសាស្ត្រនៃពន្ធនាគារ «ដោយសារតែអាយុ និងស្ថានភាពសុខភាពរ៉ាំរ៉ៃរបស់លោក»៕ ដោយធីរីណា
រូបថត: AFP










