ភ្នំពេញ ៖ ក្រោយពីបានត្រឡប់ចូលមកត្រួតត្រានៅតំបន់ឥណ្ឌូចិន ជាថ្មីវិញ បារាំងក៏បានលើកព្រះចៅបៅដាយ ឲ្យកាន់អំណាចនៅប្រទេសវៀតណាមបន្តទៀត និងចាប់ផ្តើមវាយបំបាក់ពួកវៀតមិញ និងប្រជាប្រិយភាពរបស់ ហូ ជីមិញ ដែលជាបិតាឯករាជ្យនៅវៀតណាមភាគខាងជើងនោះ មិនឲ្យសាយភាយមកដល់ភាគខាងត្បូងដោយងាយស្រួលឡើយ។
ចំណែកប្រទេសកម្ពុជា អគ្គទេសាភិបាលបារាំង ឡឺគ្លេក (Leclerc) បានរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីមួយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៥ ដោយបានតែងតាំងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការពារជាតិនោះ គឺដោយសារតែស្នងការជាន់ខ្ពស់បារាំងរូបនេះ មានមនោសញ្ចេតនាយោគយល់ចំពោះព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត តែប៉ុណ្ណោះ។
ក្រោយពីព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត បានឡើងធ្វើជានាយករដ្ឋមន្ត្រី នៅភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ប៉ុក ហ៊ែល ជាឪពុកក្មេករបស់ទ្រង់ មានភ្ញៀវជាមន្ត្រីធំៗ និងជំទាវៗជាភរិយា នាំគ្នាចេញចូលមិនដាច់ ដើម្បីយកគាប់យកគួរសុំបុណ្យស័ក្តិតួនាទីរៀងៗខ្លួន។
មហេសីដ៏ស្រស់ប្រិមប្រិយរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត គឺអ្នកម្នាងវ៉ាន់ណេ រ៉ូហ្សេត ប៉ុក (Vanne Rosette Pok) ជាកូនស្រីរបស់ប៉ុក ហ៊ែល ហើយប៉ុក ហ៊ែល នេះជាកូនប្រសារបស់ឧកញ៉ាចៅហ្វ៊ាវាំងជួន។
អនុវត្តតាមអនុសញ្ញាបារាំង-ខ្មែរ ថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៦ ចាប់ពីខែមីនា ឆ្នាំ១៩៤៦នោះមក ដោយមានការឯកភាពពីព្រះមហាក្សត្រនរោត្តម សីហនុ ផងដែរនោះ ទេសាភិបាលបារាំង ឈ្មោះលុយស្យៀង វ៉ាំង សង់ លូបេត (Lucien Vincent Loubet) បានប្រគល់ភារកិច្ចឲ្យព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី ដឹកនាំការតាក់តែងពង្រាងរដ្ឋធម្មនុញមួយ ដែលប្រទេសកម្ពុជា មិនធ្លាប់មានពីមុនមក ។
ទ្រង់ស៊ីសុវត្ថិ មុនីរ៉េត និងទីប្រឹក្សាជាជនជាតិបារាំងប៉ុន្មាននាក់ទៀត នាំគ្នាតាក់តែងពង្រាងរដ្ឋធម្មនុញ្ញនោះអស់ រយៈពេលជាច្រើនសប្តាហ៍ ទើបបានបញ្ចប់។ តែពង្រាងរដ្ឋធម្មនុញ្ញនោះ តម្រូវឲ្យមានការដឹកនាំគ្រប់គ្រងប្រទេសមានភាពតឹងរ៉ឹងពេក មតិភាគច្រើនមិនអាចទទួលយកបាន អគ្គទេសាភិបាលបារាំង ឡឺគ្លេក (Leclerc) ក៏បានស្នើព្រះមហាក្សត្រនរោត្តម សីហនុ រៀបចំឲ្យមានការបោះឆ្នោតសាកលមួយ ដែលមានគណបក្សនយោបាយច្រើនចូលរួម ដើម្បីជ្រើសរើសតំណាងរាស្ត្រនៅក្នុងរដ្ឋសភា រួចហើយឲ្យតំណាងរាស្ត្រនៅក្នុងរដ្ឋសភានោះ ធ្វើការពិភាក្សា និងអនុម័តពង្រាងរដ្ឋធម្មនុញ្ញនោះតែម្ដងទៅ។
តែក្រុមអ្នកប្រជាធិបតេយ្យនិយម ទាមទារឲ្យមានការបោះឆ្នោតសាកលមួយ ដើម្បីបង្កើតសភាធម្មនុញ្ញ ហើយសភាធម្មនុញ្ញនោះ គឺជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញប្រកបដោយឯករាជ្យពេញលេញ ។
តែយ៉ាងណា ទេសាភិបាលបារាំង នៅតែចង់បានរដ្ឋធម្មនុញ្ញមួយដែលមានការសម្បទានពីព្រះមហាក្សត្រ ហើយពង្រាងរដ្ឋធម្មនុញ្ញនោះត្រូវតែតាក់តែងដោយនាយករដ្ឋមន្ត្រីដដែល។
ក្រុមអ្នកប្រជាធិបតេយ្យនិយម នៅតែទាមទារឲ្យបង្កើតសភាធម្មនុញ្ញមួយ ដែលកើតចេញពីឆន្ទៈរបស់ប្រជារាស្ត្រ តាមរយៈការបោះឆ្នោតសាកល ហើយសភាធម្មនុញ្ញនោះជាអ្នកតាក់តែងធម្មនុញ្ញដោយផ្ទាល់តែម្តង ដោយគ្មានការជ្រៀតជ្រែកពីពួកបារាំង និងពីរាជរដ្ឋាភិបាល ដោយគ្រាន់តែសុំឲ្យព្រះមហាក្សត្រគង់នៅជាអាជ្ញាកណ្តាលប៉ុណ្ណោះ។
ទីបំផុត ទេសាភិបាលបារាំង លុយស្យៀង វ៉ាំងសង់ លូបេត (Lucien Vincent Loubet) បានសម្រេចថា ទោះបីយ៉ាងណា ព្រះមហាក្សត្រនរោត្តម សីហនុ ត្រូវតែជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញនេះ ព្រោះមានតែព្រះអង្គទេ ដែលស្គាល់នូវផ្នត់គំនិត និងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជារាស្ត្រព្រះអង្គ ដោយមិនបណ្តោយឲ្យពួកនយោបាយគ្មានបទពិសោធន៍ក្នុងការដឹកនាំប្រទេស ជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញនេះតាមអំពើចិត្តបានឡើយ ។
តែព្រះមហាក្សត្រនរោត្តម សីហនុ បានសារភាពប្រាប់ទេសាភិបាលបារាំង តាមត្រង់ថា ការពិតព្រះអង្គក៏មិនដឹងច្បាស់ថា រដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យនោះគឺជាអ្វីផង ហើយបញ្ហាតាក់តែងរដ្ឋធម្មនុញ្ញនេះ គឺហួសពីសមត្ថភាពរបស់ព្រះអង្គផងដែរ។
ប៉ុន្តែដោយសារពួកប្រជាធិបតេយ្យក៏បានស្នើសុំឲ្យព្រះអង្គនៅជាអាជ្ញាកណ្តាល ហើយដើម្បីកុំឲ្យមានការឈ្លោះប្រកែកគ្នារវាងក្រុមមន្ត្រីដែលមានគំនិតរាជាធិបតេយ្យនិយម និងពួកប្រជាធិបតេយ្យនិយម ក្នុងការបង្កើតរដ្ឋធម្មនុញ្ញនេះ តទៅទៀត ព្រះអង្គបានសម្រេចព្រះទ័យថា៖
ទី១ ព្រះអង្គនឹងធ្វើសម្បទាននូវរដ្ឋធម្មនុញ្ញមួយដល់ប្រជារាស្ត្ររបស់ព្រះអង្គ ស្របតាមបំណងដែលទេសាភិបាលបារាំង និងពួកមន្ត្រីខ្មែរដែលមានគំនិតរាជាធិបតេយ្យនិយម ចង់បាន។
ទី២ ព្រះអង្គយល់ព្រមទទួលយកពង្រាងរដ្ឋធម្មនុញ្ញដែលព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី និងពួកទីប្រឹក្សាបារាំង ជាអ្នកតាក់តែងនោះជាបណ្តោះអាសន្ន។
ទី៣ សភាដែលកើតឡើងចេញពីការបោះឆ្នោតនៅពេលខាងមុខនេះ មិនត្រូវឲ្យឈ្មោះថាសភាធម្មនុញ្ញទេ ប៉ុន្តែសភានេះមានសិទ្ធិកែប្រែខ្លឹមសារ និងមាត្រាខ្លះលើពង្រាងរដ្ឋធម្មនុញ្ញដែលតាក់តែងដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត នោះ តែមិនត្រូវឲ្យប៉ះពាល់ដល់ប្រការណាមួយដែលជាគោលការណ៍នៃរបបរាជាធិបតេយ្យឡើយ។
ការសម្រេចព្រះទ័យទាំងបីចំណុចខាងលើនេះ ធ្វើឲ្យទេសាភិបាលបារាំង លុយស្យៀង វ៉ាំងសង់ លូបេត និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី មានការព្រួយបារម្ភយ៉ាងខ្លាំង។ ប៉ុន្តែការសម្រេចព្រះទ័យនេះ ត្រូវបានទទួលការអបអរសាទរដោយក្តីរីករាយបំផុតពីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស និងពួកអ្នកប្រជាធិបតេយ្យនិយម៕
សិក្សាស្រាវជ្រាវដោយ៖ ឈឹម សេរីភួន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ










