ពិធីសម្ពោធពិព័រណ៍នៅណាហ្គាវើលដ៍ទី១នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ និងលោកស្រី Gabrielle Thiboutot មន្ត្រីទទួលបន្ទុកនៃការិយាល័យអង្គការយូណេស្កូ ភ្នំពេញ។
លោក ហាប់ ទូច បានមានប្រសាសន៍ថា “តាងនាមឱ្យលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះណាហ្គាវើលដ៍ដែលបានគាំទ្រជាបន្តបន្ទាប់ និងប្តេជ្ញាលើកកម្ពស់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ។ តាមរយៈគំនិតផ្តួចផ្តើមបែបនេះរាប់ចាប់ពីសិក្ខាសាលាឆ្លាក់រូបស្បែករហូតដល់ការសម្តែងសិល្បៈ និងការបង្ហាញពីវប្បធម៌របស់ខ្មែរ យើងធានាថា ប្រពៃណីដ៏មានតម្លៃទាំងនេះ នឹងផ្តល់ជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយបានឈ្វេងយល់”។
សម្រាប់ណាហ្គាវើលដ៍ គំនិតផ្តួចផ្តើមលើកដំបូងនេះចាប់តាំងពីការចុះបញ្ជីស្បែកធំ តំណាងឱ្យអំណាចនៃការសហការ និងធ្វើឱ្យវប្បធម៌រស់ឡើងវិញ។ លោក Pern Chen បានបញ្ជាក់ថា “យើងជឿជាក់ថា សិល្បៈ និងវប្បធម៌ គឺជាគ្រឹះនៃសង្គម។ សិល្បៈ និងវប្បធម៌ ផ្សារភ្ជាប់ពួកយើងទៅកាន់ប្រវត្តិសាស្ត្ររបស់យើង កំណត់អត្តសញ្ញាណជាតិរបស់យើង និងជំរុញភាពច្នៃប្រតិដ្ឋដែលបង្កើតជាតម្លៃវប្បធម៌ និងសេដ្ឋកិច្ច។ ក្នុងនាមជាក្រុមហ៊ុនដែលគាំទ្រដល់សិល្បៈក្នុងស្រុក ពួកយើងប្តេជ្ញាចិត្តបណ្តុះបណ្តាលទេពកោសល្យ និងអភិរក្សកេរដំណែលវប្បធម៌របស់ខ្មែរ”។
ស្ទើរតែបាត់បង់អំឡុងសម័យខ្មែរក្រហម ស្បែកធំត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូក្នុងឆ្នាំ២០០៥ ដោយសារតែតម្លៃវប្បធម៌ដ៏អស្ចារ្យរបស់វា។ ទម្រង់សិល្បៈនេះ បានរស់រានដោយសារមានការប្តេជ្ញាចិត្តថែរក្សារបស់គ្រូស្បែកធំ និងក្រុមការងាររួមទាំងសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយលោកគ្រូស្បែកធំ ម៉ាន់ កុសល។ ថ្វីត្បិតជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការរបស់សមាគម និងឈានដល់ការបិទមហោស្រពក៏ដោយ ប៉ុន្តែណាហ្គាវើលដ៍បានជួយធ្វើឱ្យសិល្បៈនេះរស់ឡើងវិញតាមរយៈការផ្តល់ការសម្តែង សិក្ខាសាលា និងសកម្មភាពជាច្រើនទៀត។
ចំណែកលោកស្រី Gabrielle Thiboutot បាននិយាយថា “ខ្ញុំសូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ណាហ្គាវើលដ៍ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញដោយបានបង្កើតមាតិកា និងផ្ទាំងព័ត៌មានសម្រាប់ការតាំងពិព័រណ៍ដ៏អស្ចារ្យនេះ”។ លោកស្រីបានបញ្ជាក់ម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ និងអភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏មានតម្លៃរបស់ខ្មែរដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូពាក់ព័ន្ធទាំងអស់។
ដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ពិព័រណ៍ “ស្រមោលស្បែកធំ” ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី និងឈ្វេងយល់ពីល្ខោនស្រមោលដ៏មានតម្លៃរបស់ខ្មែរតាមរយៈការតាំងពិព័រណ៍ ការសម្តែងសិល្បៈផ្ទាល់ បទពិសោធន៍ឌីជីថល និងការផ្តល់ជូនជាច្រើនទៀត។ កម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយមានការផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំពិសេសនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលចូលរួមសម្តែងសមាគមសិល្បៈសុវណ្ណភូមិ និងនាយកដ្ឋានសិល្បៈទស្សនីយភាពអមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។
ពេញមួយខែវិច្ឆិកានេះ ណាហ្គាវើលដ៍ នឹងមានផ្តល់ជូនសិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ដែលសាធារណជនអាចរៀនពីរបៀបឆ្លាក់រូបស្បែក និងអាចយករូបស្បែកនោះទៅគេហដ្ឋានផងដែរ។ ពិព័រណ៍នេះក៏មានផ្តល់ជូនការជួលសម្លៀកបំពាក់ប្រពៃណីខ្មែរ និងការលក់ផលិតផលសិប្បកម្ម អាវយឺត និងវត្ថុអនុស្សាវរីយជាច្រើនទៀត។ ប្រាក់ដែលបានពីសិក្ខាសាលា និងបទពិសោធន៍ទាំងនេះ នឹងត្រូវផ្តល់ជូនដល់សមាគមសិល្បៈសុវណ្ណភូមិដើម្បីឱ្យពួកគេអាចជួយរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។
ផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌ជាមួយនវានុវត្តន៍ កម្មវិធីនេះក៏មានផ្តល់ជូនបទពិសោធន៍នៃការថតរូបក្នុងទូរសព្ទឆ្លាតវៃជាមួយស្បែកធំផងដែរ។ សាធារណជននឹងទទួលបានបទពិសោធន៍បែបឌីជីថលជាមួយទម្រង់សិល្បៈនេះលើសពីវិចិត្រសាល។
សូមអញ្ជើញពុកម៉ែបងប្អូន និងសាធារណជនទាំងអស់ចូលរួម និងឈ្វេងយល់ពីពិព័រណ៍ស្រមោលស្បែកធំរបស់ខ្មែរនៅក្នុងខែវិច្ឆិកានេះឱ្យបានគ្រប់ៗគ្នា។ ចូលរួមដោយសេរី។
កម្មវិធីសង្ខេប មានដូចខាងក្រោម ៖
• ពិព័រណ៍ ៖ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ១០ ព្រឹកដល់ ៧ យប់ ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១
• សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ ៖ ផ្តល់ជូនរៀងរាល់សប្តាហ៍
• ការសម្តែងល្ខោនស្រមោលស្បែកធំពិសេស ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ៥ ល្ងាច សាលមហោស្រព NABA ណាហ្គាវើលដ៍ទី២
(សំបុត្រឥតគិតថ្លៃសម្រាប់ការចូលទស្សនាការសម្តែង នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត កន្លែងទទួលភ្ញៀវណាហ្គាវើលដ៍ទី២៕ដោយ៖តារា
រូបស្បែកដែលត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ កំពុងត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ស្បែកធំដែលបង្ហាញពីសិល្បៈ និងស្នាដៃសិប្បកម្មដ៏អស្ចារ្យរបស់ខ្មែរ។
ពិធីកាត់ខ្សែបូសម្ពោធ “ពិព័រណ៍ស្រមោលស្បែកធំ” ជាផ្លូវការ។
ឯកឧត្តម ហាប់ ទូច តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍នៅក្នុងពិធីសម្ពោធ។
ស្លៀកពាក់ឈុតប្រពៃណីខ្មែរ និងសាទរដល់វប្បធម៌ខ្មែរនៅបញ្ជររូបថត!
ឯកឧត្តម ហាប់ ទូច (ខាងឆ្វេង) ពន្យល់អំពីទម្រង់ផ្សេងៗនៃស្រមោលស្បែកខ្មែរ។
ពិព័រណ៍នេះ ក៏មានតាំងបង្ហាញ និងលក់ផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយជាច្រើនទៀតដើម្បីសាទរដល់មោទនភាពវប្បធម៌របស់ខ្មែរផងដែរ។
ផ្សារភ្ជាប់អតីតកាល និងអនាគត ៖ ជំរុញលើកទឹកចិត្តក្មេងៗជំនាន់ក្រោយឱ្យឈ្វេងយល់ និងថែរក្សាកេរដំណែលដ៏មានតម្លៃរបស់ខ្មែរ។









