ខេត្តបន្ទាយមានជ័យ៖ កំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែង ៣៥,១៤គីឡូម៉ែត្រ កំពុងេពន្លឿនដំណើការសាងសង់ បន្ទាប់ពីទឹកភ្លៀងបានថមថយ។ នេះបេីយោងតាមប្រភពព័ត៍មានពីលោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ផន រឹម បានគូសបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥នេះ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)សម្រចលទ្ធផលជារួម ៣៦,៧%ហើយ។
កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥។ គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ចុងឆ្នាំ២០២៦ខាងមុខ។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។
សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការដ៏មមាញឹកនេះ៕
ដោយ៖តារា










