ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពី Wondersmekong បានឱ្យដឹងថា ដោយទទួលបានការឆ្លើយតបជាវិជ្ជមានពីប្រជានេសាទ ក្រោយការចុះទៅផ្សព្វផ្សាយតាមមូលដ្ឋានជាមួយម្ចាស់ដាយត្រី និងប្រជានេសាទតាមដងទន្លេសាប និងទន្លេមេគង្គ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ព្រះរាជាណាចក្រកម្ពុជា បានចូលរួមបំពាក់ស្លាកសញ្ញា និងលែងត្រីគល់រាំងចំនួន២ក្បាល ដែលមានទម្ងន់ចន្លោះពី ១២ ទៅ១៦គីឡូក្រាមក្នុងមួយក្បាល ព្រមទាំងត្រីត្រសក់មួយក្បាលទម្ងន់ ២គីឡូក្រាម។
យើងសូមថ្លែងអំណរគុណដល់ម្ចាស់ឧបករណ៍នេសាទ «ដាយត្រី ២ដេ» ព្រមទាំងបងប្អូនកម្មករនៅលើបែរទាំងអស់ ដែលបានទំនាក់ទំនងមកកាន់រដ្ឋបាលជលផល ដើម្បីចុះទៅលែងត្រីទឹកសាប ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជទាំងនេះ ដើម្បីឱ្យវាបានទៅដល់ទីជម្រកដើមដោយសុវត្ថិភាព។
សូមចូលរួមការពារប្រភេទត្រីកម្រ «ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្ស ត្រីត្រសក់ ត្រីប៉ាសាណាក និងធននធានជលផលដែលកំពុងរងគ្រោះថ្នាក់ឱ្យបានគ្រប់ៗគ្នា» !!!
ការពារត្រីកម្រនៅថ្ងៃនេះ គឺជាការការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គសម្រាប់ពេលអនាគត៕
ដោយ៖តារា










