ខេត្តកណ្ដាល÷ លោកមាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះថាជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋជួយឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់ រហូតបណ្ដាលឲ្យដួលម៉ូតូទាំងសងខាងនៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ស្រីហួយ ភេទ ស្រី អាយុ ៤០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។ ជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់ឈ្មោះ គឹម សំណាង ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះត្រូវបានរកឃើញថាមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។
វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទម៉ាក SAMSUNG ពណ៌ខ្មៅ ១គ្រឿង និង ម៉ូតូម៉ាក HONDA C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១L-៦៦៨២ ១គ្រឿង។ ចំណែកខ្សែកផ្លាកទីន ១ខ្សែ ត្រូវបានជនរងគ្រោះយកបានវិញ និងមិនបានប្រគល់ធ្វើជាវត្ថុតាងឡើយ។
លោកអធិការបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាក Scoopy ពណ៌ស ចេញពីផ្ទះឆ្ពោះទៅកន្លែងធ្វើការ។ ពេលជិះដល់ចំណុចកើតហេតុ ជន សង្ស័យដែលជិះម៉ូតូតាមពីក្រោយ បានធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះ រហូតទាក់ដៃចង្កូតម៉ូតូគ្នាបណ្ដាលឲ្យដួលម៉ូតូទាំពីរ។ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិដេញតាមឃាត់បាន រួចរាយការណ៍ទៅប៉ុស្តិ៍បែកចាន។
ក្រោយមក កម្លាំងប៉ុស្តិ៍បែកចាន និងកម្លាំងផ្នែកជំនាញស្រុកបានចុះទៅដល់កន្លែងកើតហេតុ នាំជនសង្ស័យ និងវត្ថុតាងមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឆក់ខ្សែករបស់ជនរង គ្រោះពិតមែន ហើយធ្លាប់ប្រើប្រាស់សារធាតុញៀនប្រហែល ៤ទៅ ៥ឆ្នាំមកហើយ។ ជនសង្ស័យក៏បានរងរបួសដៃជើង និង ខ្លួនប្រាណបន្តិចបន្តួចដោយសារតែដួលម៉ូតូ។











