ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកូរ៉េដឹកឥដ្ឋដែលបើកបរនៅពីមុខយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៦:០០នាទីព្រឹកថ្ងៃទី ២០ខែវិច្ឆិកាឆ្នាំ ២០២៥ស្ថិតនៅលើផ្លូវ១០០៣ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកឥដ្ឋ មួយគ្រឿងពាក់ផ្លាកលេខ កំពត 3A-0726 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម ខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមាន ម៉ូតូមួយគ្រឿងម៉ាកស៊ុយសារគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KL-3022 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីជើងទៅត្បូងក្នុងល្បឿមលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់កស្លាប់យ៉ាងរន្ធត់ ហើយភ្លាមនោះដែរអ្នកបើករថយន្តក៏បើកទ្វាររត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញជាបណ្តោះអាសន្ន រងចាំការដោយស្រាយគ្នានៅពេលក្រោយ។ចំណែកសពដោយពុំទាន់មានអត្តសញ្ញាណសមត្ថកិច្ចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យរថយន្តសាមុយដឹកសពយកទៅតម្កល់ទុកនៅវត្តជាបណ្ដោះអាសន្នរង់ចាំទាក់ទងសាច់ញាតិនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










