ភ្នំពេញ៖ ប្រារព្ធប្រាំឆ្នាំម្តង ទិវាស្ថិតិពិភពលោកឆ្នាំ២០២៥ បានផ្តល់ឱកាសសម្រាប់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន តួអង្គទាំងអស់ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទិន្នន័យ និងព័ត៌មានស្ថិតិ ដោយបរិយាបន្ន គ្រប់ជ្រុងជ្រោយ រាប់បញ្ចូលទាំងព័ត៌មានបានមកពីការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍ។ ក្នុងបរិបទនេះ របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤ និង ២០២៥ ជាមូលដ្ឋានគ្រឹះមួយដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលស្របគ្នាជាមួយនឹងឆ្នាំដែលពិភពលោកប្រារព្ធទិវាស្ថិតិពិភពលោក ដែលត្រូវបានប្រារព្ធប្រាំឆ្នាំម្តង។
លោកអនុរដ្ឋលេខាធិការ បានពន្យល់ថា របាយការណ៍នេះបានផ្តល់ព័ត៌មានស្ថិតិបែបវិទ្យាសាស្ត្រ ដែលមានសារៈសំខាន់ចាំបាច់ សម្រាប់គាំទ្រដល់ការធ្វើការសម្រេចចិត្ត ការរៀបចំគោលនយោបាយនិងយន្តការការងារ ជាមួយការកំណត់គោលដៅត្រឹមត្រូវ និងមានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការជាក់ស្តែង ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងភាពជឿជាក់មកលើការដឹកនាំ។
លោកអ្នកនាំពាក្យរូបនេះ បានមានប្រសាសន៍គូសបញ្ជាក់ថា របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤ និង២០២៥ សុទ្ធសឹងជាលទ្ធផលស្តែងចេញពីការសិក្សា ដែលមានលក្ខណៈបរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងផ្តល់ទំនុកចិត្តខ្ពស់។ «ការសិក្សានេះបានប្រើវិធីសាស្ត្របែបវិទ្យាសាស្ត្រដែលពិភពលោកទទួលស្គាល់ ក្នុងនោះវិធីសាស្ត្រស្រាវជ្រាវឯកសារ(Desk Review), ការស្ទង់មតិឯករាជ្យ ដោយវិធីស្ទង់មតិចៃដន្យ(Random Sampling) ក្នុងចំណោមប្រតិបត្តិករនៃវិស័យសារព័ត៌មាននៅក្នុង ២៥រាជធានី-ខេត្ត, និងការដាក់បញ្ចូលទស្សនៈ មតិយោបល់ចម្រុះរបស់ឥស្សរជនក្នុងវិស័យព័ត៌មានរួមមាន៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានសមាគមអ្នកសារព័ត៌មាន ភ្នាក់ងារសារព័ត៌មានជាតិនិងបរទេស សារព័ត៌មានសហគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាក្នុងព្រះរាជាណាចក្រកម្ពុជា» ។
រាជរដ្ឋាភិបាល ក្រសួងនិងមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន ដៃគូ តួអង្គពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានប្រើប្រាស់របាយការណ៍នេះស្របតាមវិវត្ត និងតម្រូវការជាក់ស្តែង ក្នុងការធ្វើទំនើបកម្មស្ថាប័ន លើកកម្ពស់សណ្តាប់សារព័ត៌មាន ដោយភាពចម្រុះ ធន់ ស្របតាមសម័យកាល ពោលគឺបានប្រែក្លាយលទ្ធផលនៃការសិក្សានេះឱ្យទៅជាការអនុវត្តជាក់ស្តែង ក្នុងការគ្រប់គ្រង និងអភិវឌ្ឍព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា ពិសេសការជំរុញការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងនិងពង្រីកការផ្សព្វផ្សាយដោយសុវត្ថិភាព គុណភាពមាតិកា ខ្លឹមសារ និងការផលិត និងលើកកម្ពស់ការប្រតិបត្តិតួនាទីនិងភារកិច្ចរបស់អ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។
លោកអ្នកនាំពាក្យ បានមានប្រសាសន៍ថា៖ «នៅកម្ពុជា ក៏មានដែររបាយការណ៍ ឬការកត់ត្រាអំពីស្ថានភាពរបស់អ្នកសារព័ត៌មានធ្វើឡើងដោយអង្គការ សមាគមមួយចំនួន ដែលគ្រាន់តែបានផ្តោតលើការប្រមូលព័ត៌មានឧប្បត្តិហេតុ, ឬការសម្ភាសន៍ដោយការជ្រើសរើសកំណត់មុន ដែលវិធីសាស្ត្រនេះមានលក្ខណៈចង្អៀត ទំហំតូច មិនអាចតំណាងឱ្យសំឡេងទាំងមូល ដូច្នេះធ្វើឱ្យការឆ្លុះបញ្ចាំងលើស្ថានភាពសារព័ត៌មានមិនបានពេញលេញ មិនគ្រប់ជ្រុងជ្រោយ ខ្វះភស្តុតាងវិទ្យាសាស្ត្រ» ។ លោក បានបន្ថែមទៀតថា៖ «រីឯ របាយការណ៍នៅក្រៅប្រទេសខ្លះដែលបានយោងតាមរបាយការណ៍ ឬការកត់ត្រារបស់អង្គការ សមាគមមួយចំនួននេះ ដើម្បីធ្វើការវាយតម្លៃពីខាងក្រៅមកលើស្ថានភាពនៅកម្ពុជា គឺវាគ្រាន់តែជាការបង្ហាញពីមួយជ្រុង មិនតំណាង» ។
លោកអ្នកនាំពាក្យ បានលើកឡើងទៀតថា ជាមួយរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤ និង២០២៥ កម្ពុជាប្រារព្ធសារៈសំខាន់ និងគុណតម្លៃទិន្នន័យនិងព័ត៌មានស្ថិតិ ដែលកើតចេញពីការសិក្សាបែបវិទ្យាសាស្ត្រពិតប្រាកដ មានប្រតិបត្តិករសារព័ត៌មាននិងគ្រប់តួអង្គក្នុងវិស័យនៅទូទាំងប្រទេសបានចូលរួមនិងផ្តល់ធាតុចូលពេញលេញ។ លោកអ្នកនាំពាក្យបានបន្ថែមថា៖ «របាយការណ៍ និងលទ្ធផលនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤ និង២០២៥ នេះ ជាឆ្អឹងខ្នងសម្រាប់ការតាមដាន និងវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅឆ្នាំខាងមុខៗបន្តទៀត ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលព័ត៌មាន» ។
លោកអនុរដ្ឋលេខាធិការ បានរំលេចគុណតម្លៃនៃរបាយការណ៍នេះបន្ថែមថា៖ «ការសិក្សានេះបានក្លាយជាមូលដ្ឋានរឹងមាំសម្រាប់ការវាស់វែងជាក់ស្តែងនិងដោយផ្ទាល់ដោយកម្ពុជាសម្រាប់កម្ពុជា និងបានបញ្ជាក់ពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៍ ដោយមានប្រតិបត្តិករអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានចូលរួមសម្តែងឆន្ទៈ បញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មានកម្ពុជាយ៉ាងពិតប្រាកដ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕ដោយ៖តារា












