អគ្គិភ័យដ៏ធំមួយបានឆាបឆេះសាលតាំងពិព័រណ៍នៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅប្រទេសប្រេស៊ីល ដែលបង្ខំឱ្យអ្នករៀបចំកម្មវិធីបញ្ជាឱ្យជម្លៀសចេញនៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍។
អ្នករៀបចំកម្មវិធីបាននិយាយថា អគ្គិភ័យត្រូវបានគ្រប់គ្រងក្នុងរយៈពេលប្រហែលប្រាំមួយនាទី ហើយមនុស្ស 13 នាក់ត្រូវបានព្យាបាលដោយសារការស្រូបផ្សែង។ ក្រុមពន្លត់អគ្គិភ័យបានបញ្ជាឱ្យជម្លៀសទីកន្លែងព្រឹត្តិការណ៍ COP30 ទាំងមូល ហើយវាមិនច្បាស់ទេថាពេលណាព្រឹត្តិការណ៍នឹងបន្តឡើងវិញ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រេស៊ីល លោក Celso Sabino បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា អគ្គិភ័យបានចាប់ផ្តើមនៅជិតសាលតាំងពិព័រណ៍ចិន។
លោក Samuel Rubin ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកទទួលបន្ទុកសាលតាំងពិព័រណ៍កម្សាន្តនិងវប្បធម៌ បាននិយាយថា អគ្គិភ័យបានរាលដាលយ៉ាងឆាប់រហ័សទៅកាន់សាលតាំងពិព័រណ៍ជិតខាង។ តំបន់ក្បែរនោះរួមមានសាលតាំងពិព័រណ៍អាហ្វ្រិកជាច្រើន និងសាលតាំងពិព័រណ៍យុវជនមួយ។
វីដេអូបានបង្ហាញពីអគ្គិភ័យដ៏ធំមួយកំពុងឆាបឆេះនៅសាលតាំងពិព័រណ៍ដែលធ្វើពីផ្ទាំងក្រណាត់ និងសម្ភារៈផ្សេងៗទៀត។
អភិបាលរដ្ឋ Para លោក Helder Barbalho បានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក G1 ថា ការខូចខាតម៉ាស៊ីនភ្លើង ឬ អគ្គិសនីនៅក្នុងសាលតាំងពិព័រណ៍មួយអាចបណ្តាលឱ្យមានអគ្គិភ័យ៕ ដោយធីរីណា
រូបថត: tienphong










