ខេត្តតាកែវ៖ លោក គិម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក យង់ សុវឌ្ឍនា អភិបាលរង ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវតំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ សុទ្ធតែបានលើកឡើងថា App NoDrugs គឺជាកម្មវិធីទំនើបដែលបង្កើតឡើងសម្រាប់ជួយសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ការលើកឡើងរួមគ្នាពីសារៈសំខាន់របស់ App NoDrugs ពីសំណាក់មន្ត្រីជាន់ខ្ពស់ទាំងបីរូបនេះ បានធ្វើឡើងនៅក្នុងឱកាសបើកយុទ្ធនាការអប់រំ និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន លើកទី២ នៅទីរួមខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន-មន្ទីរព័ត៌មាន មន្រ្តីរាជការនៃមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត សិស្សានុសិស្ស យុវជន យុវនារី ប្រជាពលរដ្ឋប្រមាណ ៦០០នាក់។
មន្ត្រីជាន់ខ្ពស់ទាំងបីរូបនេះ សុទ្ធតែបានគូសបញ្ជាក់ថា App No Drugs វាមានតួនាទីសំខាន់ក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចរាយការណ៍ករណីគ្រឿងញៀន ដែលកើតមាននៅមូលដ្ឋានបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ការបញ្ចប់បញ្ហាគ្រឿងញៀនមិនអាចធ្វើបានក្នុងពេលខ្លីទេតែត្រូវការការចូលរួមរួមគ្នាពីអាជ្ញាធរ សហគមន៍ សាលារៀន និងគ្រួសារ។
លោក គិម ហុង និងលោកឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានបង្ហាញពីលក្ខណៈពិសេសរបស់ App No Drugs អ្នកប្រើអាចប្រាប់ទីតាំងករណីបានត្រឹមត្រូវ ដើម្បីឱ្យអាជ្ញាធរចូលដល់កន្លែងបានលឿន, រាល់ព័ត៌មានអ្នករាយការណ៍ត្រូវបានរក្សាការសម្ងាត់ខ្ពស់, អាជ្ញាធរអាចផ្ញើសារជូនដំណឹងទៅប្រជាពលរដ្ឋអំពីស្ថានភាពគ្រឿងញៀនក្នុងតំបន់ និងផ្តល់អត្ថបទ វីដេអូ និងសារផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។
លោក គិម ហុង និងឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា App No Drugs មិនត្រឹមតែជាកម្មវិធីបច្ចេកវិទ្យាទេ ប៉ុន្តែជាឧបករណ៍សង្គមសំខាន់ក្នុងការកសាងបាននូវសហគមន៍មានសុវត្ថិភាព និងគ្មានគ្រឿងញៀន។ វាជួយឱ្យប្រជាពលរដ្ឋមានសិទ្ធិចូលរួមក្នុងការការពារមូលដ្ឋាន និងជួយអាជ្ញាធរចាត់វិធានការប្រឆាំងគ្រឿងញៀនបានមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានគូសបញ្ជាក់ថា ការចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយអប់រំស្តីពី បញ្ហាគ្រឿងញៀន ពង្រីកការប្រើប្រាស់ App NoDrugs ធ្វើឱ្យបញ្ហាគ្រឿងញៀនរួមតូច។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC នៅតែបន្តចូលរួមដល់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន៕
ដោយ៖តារា










