Update ៖ សមត្ថកិច្ចបង្ក្រាបក្រុមឧក្រិដ្ឋជន០៨នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាសមត្ថកិច្ចអាវុធហត្ថចាប់បង្ខាំងជនបរទេស ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវតាមបង្ក្រាបក្រុមឧក្រិដ្ឋជន០៨នាក់ ជាប់ពាក់ព័ន្ធករណីក្លែងបន្លំជាកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ចេញធ្វើសកម្មភាពយ៉ាងសកម្មចាប់ខ្លួនជនបរទេសយកទៅបង្ខាំងទុក ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តថា ជនសង្ស័យទាំង០៨នាក់ មាន០៧នាក់ជាមុខសញ្ញាដៃដល់ដែលធ្វើសកម្មភាព និងម្នាក់ទៀតគ្រាន់ជាអ្នកយករថយន្តធ្វើទៅរក្សាទុកប៉ុណ្ណោះ
លោកស្នងការ បន្ថែមថា ក្រុមទាំងនេះ ជាមុខសញ្ញាយ៉ាងសកម្ម ចេញធ្វើសកម្មភាពនាពេលរាត្រីជាច្រើនករណី ដោយចាប់ជនជាតិចិនយកទៅបង្ខាំងទុក ដើម្បីជំរិតទារប្រាក់តាមការចង់បានរបស់ពួកគេ ដោយក្រុមជនសង្ស័យបានស្លៀកពាក់ឯសណ្ឋានក្លែងបន្លំខ្លួនជាសមត្ថកិច្ចអាវុធហត្ថ តែជាក់ស្តែងពុំមានមុខរបរពិតប្រាកដនោះឡើយ
លោកស្នងការ បញ្ជាក់គោលជំហរខ្ពស់ គឺត្រូវតែបង្ក្រាបដាច់ខាត រាល់អំពើ ឬបទល្មើសអសន្តិសុខទាំងឡាយណា ដែលជាកត្តាធ្វើប៉ះពាល់ដល់ពលរដ្ឋ ពិសេសភ្ញៀវជាតិ អន្តរជាតិ និងបណ្តាអ្នកមករកស៊ីវិនិយោគនៅកម្ពុជា ជាក់ស្តែងដូចករណីខាងលើ គឺត្រូវតែតាមស្រាវជ្រាវបង្ក្រាបក្រុមជនល្មើសឲ្យដល់ឬសគល់ ដើម្បីយកមកអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់របស់ប្រទេសជាតិ
គួរបញ្ជាក់ថា ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលទាំង១៤ខណ្ឌ និងបានធ្វើការពន្លាតដែនសមត្ថកិច្ចបន្ថែមទៅសហការជាមួយ កម្លាំងនគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅបង្ក្រាបបានមុខសញ្ញាពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥
ក្នុងការបង្ក្រាបក្រុមជនសង្ស័យ សមត្ថកិច្ចធ្វើការដកហូតវត្ថុុតាងរួមមាន រថយន្តតូយូតាព្រូស០២គ្រឿង , អាវុធខ្លីចំនួន០៤ដើម , គ្រាប់កាំភ្លើង ចំនួន៣៨គ្រាប់ , ទូរស័ព្ទដៃ០៦គ្រឿង , ខ្នោះដៃចំនួន០៧ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ
បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់នៅពេលខាងមុខ
គួររំលឹកថា អំពើចាប់បង្ខាំងជនជាតិចិនជំរិតទារប្រាក់ចុងក្រោយ ក្នុងចំណោមអំពើជំរិត០៦លើក បានកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទីទាបភ្លឺ ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយក្រុមជនសង្ស័យទាមទារប្រាក់ចំនួន ៥២០០០ដុល្លារ លើជនរងគ្រោះជាជនជាតិចិន ។
សូមបញ្ជាក់ថា ៖ លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កន្លងទៅបានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ដោយធានាថា មិនមានបញ្ហាអ្វីកេីតឡេីង នៅក្នុងមូលដ្ឋាន។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា អំពើធាក់ផ្ដួលប្លន់យកម៉ូតូ បានកើតមានហើយ បើទោះបីវា មិនបានកើតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែវាក៏នៅខេត្តជាប់នឹងភ្នំពេញដែរ ដែលត្រូវយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ ដើម្បីកុំឱ្យបទល្មើសបែបនេះ កើតមាននៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តថា “រឿងសន្តិសុខ ត្រូវតែការពារជាប់ជាប្រចាំ រឿងដដែលៗនេះ កុំឱ្យគេដាស់ទឿនជាប្រចាំពេក។ ការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋត្រូវតែធានាឱ្យបាន ១០០ភាគរយ។ ការពិនិត្យរដ្ឋបាល ពិនិត្យជាតិផ្ទុះត្រូវតែធ្វើឡើងជាប្រចាំ តែសូមជៀសវាងធ្វើកុំឱ្យប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋនៅពេលអនុវត្តកិច្ចការងារនេះ”។

បន្ថែមពីនេះ ពាក់ព័ន្ធនឹង អំពើឆបោកតាមអនឡាញ ឬហៅថា Online Scam លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីលុបបំបាត់ ដោយត្រូវដាក់កម្លាំងតាមដាននៅតាមទីតាំង ដែលមានការសង្ស័យ ដូចជានៅតាមបុរី និងខុនដូជាដើម។ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា បើនិយាយពី Online Scam គេបានផ្តោតមុខសញ្ញាទៅលើជនជាតិចិន តែពេលនេះ ជនជាតិកូរ៉េ និងខ្មែរ ក៏មានដែរ ដែលត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print