ភ្នំពេញ ៖ ត្រៀមអាវក្រាស់ៗផង! ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះអាកាសធាតុនឹងចាប់ចុះត្រជាក់÷
– តំបន់វាលទំនាប៖ 20°C ទៅ 29°C
– តំបន់ខ្ពង់រាប៖ 18°C ទៅ 28°C
– តំបន់មាត់សមុទ្រ៖ 16°C ទៅ 27°C។
នេះបើយោងតាម ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង
ស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងក្នុងព្រះរាជាណាចក្រ កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា របបខ្យល់មូសុងឦសាន មានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានជាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៖
១. តំបន់វាលទំនាប ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
២.តំបន់ខ្ពង់រាប ៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានធាតុអាកាស ចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C ហើយខ្យល់បក់មកពីទិស ឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៤ម៉ែត្រវិនាទី។
៣.តំបន់មាត់សមុទ្រ ៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យម អប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ហើយខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ក្នុងល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។
ដោយឡែកតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមានធាតុអាកាសចុះត្រជាក់និងមានសីតុណ្ហភាពមធ្យម អប្បបរមា១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា២៧°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៦ម៉ែត្រវិនាទី។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន និង អាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះត្រជាក់នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតមានជាយថាហេតុ។ ក្រសួងធនធានទឹក និងងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាព ធាតុអាកាសនេះដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕
ដោយ ៖ សិលា










