ភ្នំពេញ÷ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ ប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបអំពី ករណីមន្ត្រីកងរាជអាវុធ ហត្ថស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន៨០ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ ដូចខាងក្រោម៖
១-អង្គហេតុ៖នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ម៉ោង២០ និង០០នាទី លោកអនុសេនីយ៍ត្រី ឃៀម សុខា មេ បញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង បានចុះល្បាតតាមភូមិសាស្ត្រ ដោយមានការឯកភាពពីលោកវរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថស្រុកពារាំង។ នៅវេលាម៉ោង២២និង០០នាទី បានប្រទះឃើញជនសង្ស័យកំពុងឆក់ត្រី នៅចំណុចភូមិពាមពពិល ឃុំរាប ស្រុកពារាំង ហើយក៏បានសំដៅទៅជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូ ១គ្រឿង ម៉ាកហុងដា C.125 ពណ៌ខ្មៅ ស្លាកលេខ ១M-៣០៣៣, ដុំឆក់ ១, ពិល ១, ខ្សែភ្លើងប្រវែង ៤ម៉ែត្រ និងកន្ត្រកដាក់ត្រី ១។ បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។
២-អំពីវិធានការ៖ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បាននិងកំពុងចាត់វិធាន ការត្រួតពិនិត្យចំពោះបុគ្គលចំនួន២រូប៖ ១-វរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និង២-អនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។
៣-អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនជ្រាប ក្រោយពីស្រាវជ្រាវ ស៊ើបអង្កេតចប់តាមនីតិវិធី៕










