ភ្នំពេញៈ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិប៊ែលធីជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ជំនាន់ទី២០ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ២,៦៨០នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្នសាលា ប៊ែលធី អន្តរជាតិ មាន ៣៣សាខា (៣២សាខា កំពុងដំណើរការ និង ១សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី២៩,២៩២នាក់)។
សម្រាប់ឆ្នាំសិក្សា២០២៤–២០២៥ នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី ១២ ចូលរួមប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ២,៧៥៤នាក់ (ពីរពាន់ប្រាំពីររយហាសិបបួននាក់) ក្នុងនោះ ជាប់ ២,៦៨០នាក់ (ពីរពាន់ប្រាំមួយរយប៉ែតសិបនាក់) ស្មើនឹង ៩៧.៣១% និងមានសិស្សនិទ្ទេស A ចំនួន ២៣៩នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១–ចេញដោយ សាលា ប៊ែលធី អន្តរជាតិនិង ២–ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ។ ជាមួយនឹងជោគជ័យរបស់ក្មួយៗ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃ អនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាននិងពិភពលោក ដើម្បីដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម ៤.០។ ជាពិសេស ត្រូវមានមនសិការជាតិសាមគ្គីភាពជាតិ ឯកភាពជាតិជាធ្លុងមួយយ៉ាងរឹងមាំ ហើយត្រូវជឿជាក់ និងគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ របស់ថ្នាក់ដឹកនាំ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរ– ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ២,៦៨០នាក់ នាពេលនោះផងដែរ៕

ដោយ៖ ស រស្មី









