ក្នុងពេលដែលសមុទ្រចិនភាគខាងត្បូង កំពុងតែតានតឹង ជាពិសេសគឺតានតឹងរវាងអាមេរិក និងចិន ដែលអាមេរិកចេះតែលូកដៃចូលក្នុងវិវាទរវាងចិននិងប្រទេសជិតខាង។ ក្នុងពេលនេះអាមេរិកព្រមលក់មីស៊ីលបុកធុនធ្ងន់ប្រភេទMK-48 ឲ្យតៃវ៉ាន់ បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីរដ្ឋាភិបាលចិន។
សារព័ត៌មាន Sputnik បានដកស្រង់សម្តីមន្ត្រីការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា អាមេរិកយល់ព្រមលក់មីស៊ីលបុកMK -48 ឲ្យកោះតៃវ៉ាន។ ប៉ុន្តែរដ្ឋាភិបាលប្រទេសទាំងពីរមិនទាន់បានបញ្ជាក់ច្បាស់ពីព័ត៌មានខាងលើនៅឡើយ ហើយអាមេរិកលក់មីស៊ីលខាងលើចំនួនប៉ុន្មាន?
មីស៊ីល MK-48 ផលិតឡើងដោយក្រុមហ៊ុន Raytheon មានទីតាំងនៅអាមេរិក ត្រូវបានគេចាត់ទុកថា ជាអាវុធដែលមានប្រសិទ្ធិភាពបំភុត ក្នុងការវាយប្រហារទៅលើគោលដៅទាំងនៅក្នុងទឹកជ្រៅនិងឆ្នេរសមុទ្រ។ មីស៊ីលខាងលើអាចធ្វើការដោយឯករាជ្យឬបញ្ជាពីចម្ងាយទៅកាន់គោលដៅ។
កាលពីខែសីហា កន្លងមកតៃវ៉ាន់ បានសម្រេចជុសជុលនាវាប្រភេទ Dragon ដែលផលិតឡើងនៅក្នុងអំឡុងទសវត្សឆ្នាំ៨០ បន្តដំណើរការ១៥ឆ្នាំខាងមុខទៀត។ ក្រៅពីនេះកោះតៃវ៉ាន់ បានឡើងគម្រោងផលិតនាវាមុជទឹក ៨គ្រឿងបន្ថែមទៀត។
មីស៊ីលខាងលើដែលអាមេរិកព្រមលក់ឲ្យតៃវ៉ាន់ និងត្រូវបំពាក់នៅលើនាវាមុជទឹក ដើម្បីការពារដែនសមុទ្រកោះតៃវ៉ាន់ ។ កិច្ចព្រមព្រៀងលក់មីស៊ីលឲ្យតៃវ៉ាន់ ក្នុងពេលដែលស្ថានភាពនៅសមុទ្រចិនភាគខាងត្បូងនៅតែបង្កើនកម្តៅ ក្រោយពេលដែលអាមេរិកបានចោទប្រកាន់ចិនថា បានខិតខំបង្កើតតំបន់គ្រប់គ្រងដែនអាកាស ។ ជាមួយគ្នានោះចិនបានចោទប្រកាន់អាមេរិកថា បានយាមល្បាតនៅក្បែរកោះសិប្បនិមិត្តរបស់ចិន៕
ប្រែសម្រួល៖ ម៉ែវ សាធី