ខេត្តកណ្ដាល÷ មន្ត្រីនគរបាលក្រុងអរិយក្សត្របានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥ នេះថា កម្លាំងនគរបាលបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជា
មុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ម្នាក់ នៅចំណុចផ្ទះខ្ទមក្នុងភូមិបាក់ដាវលើ សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល កាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២៣ វិច្ឆិកា ២០២៥។ ក្នុងការឃាត់ខ្លួន សមត្ថកិច្ចបានចាប់យកវត្ថុតាងគ្រឿង ញៀនបានសរុបចំនួន ១២កញ្ចប់។
ប្រភពសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វុធ ឈិតភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងទីតាំងកើតហេតុ មុខរបរលក់គ្រឿងញៀន។ ក្រោយការត្រួតពិនិត្យ ជនសង្ស័យ ត្រូវបានរកឃើញថាមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន។
វត្ថុតាងដែលសមត្ថកិច្ចបានចាប់យកមានដូចជា ថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុបចំនួន១២កញ្ចប់ (តូច១១កញ្ចប់ និងមធ្យម០១កញ្ចប់) ទំងន់សរុប ១,៣៤ក្រាម, ទូរសព្ទចំនួន០២គ្រឿង និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
កម្លាំងសមត្ថកិច្ចបានបន្តឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួន កម្លាំងប៉ុស្តិ៍បាក់ដាវ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា នៅទីតាំងនោះតែងតែមានសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម។ ពេលទៅដល់ កម្លាំងបានប្រទះឃើញជនសង្ស័យក៏ធ្វើការឃាត់ខ្លួន រួមទាំងត្រួតពិនិត្យរកឃើញថ្នាំញៀន និងសម្ភារៈវេចខ្ចប់នៅនឹងកន្លែង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វុធ ឈិត បានឆ្លើយសារភាពថា ថ្នាំញៀនទាំងនេះ ខ្លួនបានទិញពីមនុស្សម្នាក់មិនស្គាល់នៅភ្នំពេញ ក្នុងតម្លៃ ២០ម៉ឺនរៀល ដើម្បីយករំលែកវេចខ្ចប់លក់បន្ត។ ការទិញនេះពឹងពាក់តាមរយៈឈ្មោះ អាខ្មៅ (មិនស្គាល់ផ្ទះ) រស់នៅក្នុងក្រុងអរិយក្សត្រ អោយបញ្ជាទិញដោយគេផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន ប្រើលេខជនសង្ស័យជាអ្នកទទួល។ ជន សង្ស័យបានបន្តថា ពេលទទួលបានអីវ៉ាន់ហើយ គឺខ្លួនតែងតែដុតសម្ភារៈវេចខ្ចប់ចោល ព្រោះនេះជាបញ្ជារបស់អ្នកលក់ថ្នាំនៅភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់បន្ត៕










