អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម​រំលែក​ទុក្ខដល់គ្រួសារសព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង​ សម្លាប់ជីវិតមនុស្ស ៩នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ លោក​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃ​គណៈអភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, កងកម្លាំងមានសមត្ថកិច្ច, អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួម​រំលែក​ទុក្ខដល់គ្រួសារសព រងគ្រោះដោយអំពើឃាតកម្មដ៏សាហាវយង់ឃ្នង​ ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ​ និងកុមារ បណ្តាលអោយបាត់បង់ជីវិតមនុស្ស ចំនួន ៩នាក់​ ស្ថិតក្នុងភូមិពោន​ ឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ កាលពីព្រឹកព្រលឹមថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៥។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងបំផុតនោះ លោក​ អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេកជាមួយសាច់ញាតិនៃសព ចំពោះឧបទ្ទវហេតុ នៃអំពើឃាតកម្មដ៏សាហាវយង់ឃ្នង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសឲ្យតឹងរ៉ឹងបំផុតចំពោះជនល្មេីស។

លោក​អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលជានិច្ចកាលថ្នាក់ដឹកនាំយើង លោកតែងគិតគូរ ខ្វាយខ្វល់អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន “សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ”។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចូល​រួមជាបច្ច័យ​ចំនួន ៥.០០០.០០០៛​ (ប្រាំលានរៀល) អ្នក​ឧកញ៉ា​ ហេង​ ឡុង​ បបច្ច័យចំនួន​ ៤.០០០.០០០៛​ (បួនលានរៀល) លោក​ បាន​ ស្រេង​ អភិបាល​ស្រុក​ បច្ច័យ​ចំនួន​ ៥០០.០០០៛​ (ហាសិបម៉ឺនរៀល) សរុប ៩.៥០០.០០០៛។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ឆាប់ៗនេះ លោកនឹងរៀបចំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មកផ្តល់ជូនបន្ថែមទៀត ឯចំពោះការចំណាយក្នុងការរៀបចំកម្មវិធីបុណ្យសពទៅតាមប្រពៃណីព្រះពុទ្ធសាសនា គឺជាបន្ទុករបស់រដ្ឋបាលខេត្តកំពង់ចាម។

...

លោក​ អ៊ុន ចាន់ដា និងក្រុមការងារ សូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្តនៃសព​ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print