ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះបានអនុញ្ញាតជូនលោក PHILIPPE VIDAL, ប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) និងជានាយកច្នៃប្រឌិបបង្កើតថ្មីរបស់ក្រុមហ៊ុន Entertainment Development (អេស្ប៉ាញ) ហើយជាអ្នកជំនាញខាងបង្កើត Attraction Park ដ៏ល្បី និងធ្លាប់ជានាយកបង្កើតថ្មីរបស់ Disney Land (Paris) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំកិច្ចគាំទ្រ និងអនុសាសន៍លើគម្រោងវិនិយោគនៅខេត្តសៀមរាប នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីវិនិយោគិនអន្តរជាតិ បានធ្វើបទបង្ហាញពីគម្រោងរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា និងតែមួយគត់ដែលផ្សារភ្ជាប់បេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរវត្ត និងបច្ចេកវិទ្យាចុងក្រោយបំផុត ដែលអាចទទួលភ្ញៀវចូលទស្សនាជិត៣០០.០០០នាក់ក្នុងមួយឆ្នាំ នៅខេត្តសៀមរាប។ ឧទ្យានទេសចរណ៍បែបនេះ ជាផលិតផលទេសចរណ៍ដែលមានតម្លែបន្ថែម និងបានផ្សារភ្ជាប់ជាមួយបេតិកភណ្ឌពិភពលោក និងប្រវត្តិសាស្រ្តដ៏រុងរឿង និងយូរលង់របស់កម្ពុជា ពិតជាអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តសៀមរាបឱ្យបន្តស្នាក់នៅយូរថ្ងៃបន្ថែមទៀត។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមដ៏ល្អសម្រាប់កម្ពុជារបស់វិនិយោគិនខ្មែរ-បារាំង ហើយគម្រោងនេះ ក្រសួងទេសចរណ៍ សូមគាំទ្រ និងរីករាយផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើឱ្យសម្រេចគម្រោងនេះ ជាលទ្ធផលផ្លែផ្កា និងជាក់ស្តែង ដើម្បីជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជា ក៏ដូចជាបង្ហាញនូវសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព ការរីកចំរើនលើគ្រប់វិស័យ និងការជឿជាក់ដ៏មុតមាំរបស់វិនិយោគិនអន្តរជាតិលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់ប្រជាជនអឺរ៉ុប និងពិភពលោក៕ដោយ៖តារា










