ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាបានលើកឡើងថា ការចូលរួមរបស់យុវជនពីប្រទេសក្នុងក្របខណ្ឌមេគង្គ-ឡានឆាងពិតជាមានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្នភាព ព្រមទាំងជំរុញសន្ទុះងើបឡើងវិញ សម្រាប់តំបន់អាងទន្លេមេគង្គ។
ក្នុងពិធីប្រកាសបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការសកម្មភាពស្តារ និងភាពធន់វិស័យទេសចរណ៍ មេគង្គឡានឆាង ឆ្នាំ២០២៦-២០៣០ អមដោយការបកស្រាយ របស់ទូតទេសចរវ័យក្មេង មេគង្គ-ឡានឆាង នៅខេត្តសៀមរាប កាលពីចុងសប្តាហ៍, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា សិក្ខាសាលាដ៏ធំ និងប្រកបដោយគុណភាពនេះ នឹងបន្ថែមអត្ថន័យឱ្យកាន់តែស៊ីជម្រៅដល់កិច្ចសហប្រតិបត្តិរវាងប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ព្រមទាំង ចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនងការទូតដ៏យូរលង់ អស់រយៈពេល ៦៧ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួម កម្ពុជា-ចិនគ្រប់រដូវកាល ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជា ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា-ចិន។
ជាពិសេស គឺផ្តល់ឱកាសរួមគ្នាដល់យុវជនបន្តវេនពីប្រទេសសមាជិក ក្នុងការចូលរួមគ្នាគិត និងរួមគ្នាធ្វើ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការទាញយកពីបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីជម្រុញការងើបឡើងវិញនូវវិស័យទេសចរណ៍ បន្ទាប់ពីត្រូវជួបផលវិបាកយ៉ាងខ្លាំង ពីវិបត្តិជម្ងឺកូវីដ១៩ កន្លងទៅ។
សិក្ខាសាលាថ្នាក់តំបន់នេះ នឹងផ្តល់ឱកាសដ៏យុវជនជានិស្សិត ជាអ្នកប្រកបវិជ្ជាជីវៈ ឬ ក៏សហគ្រិន ភ្ជាប់ទំនាក់ទំនងគ្នា ធ្វើការរួមគ្នា សហការចាប់ឱកាសបង្កើតអាជីវកម្មទេសចរណ៍រួមគ្នាផងដែរ ដើម្បីជំរុញសន្ទុះងើបឡើងវិញ នៃការវិនិយោគ ក្នុងវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរជាតិ, ចិន និងអន្តរជាតិមកលេងតំបន់អាងទន្លេមេគង្គនេះ។
កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈប្រជាមានិតចិន ប្រចាំកម្ពុជា ផងដែរ។
លោក Wang Wenbin អះអាងថា ឯកឧត្តម ពិតជារីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីក្រោមប្រធានបទ «ការចូលរួមរបស់ទូតទេសចរណ៍វ័យក្មេងឡានឆាង-មេគង្គ» ជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងបានប្រគល់វិញ្ញាបនបត្រ «ទូតទេសចរណ៍» ដល់យុវជនចំនួន ២៦នាក់នៃប្រទេសឡានឆាង-មេគង្គ។ ឯកឧត្តម Wang Wenbin សង្ឃឹមថា យុវជនកាន់តែច្រើននៅក្នុងតំបន់ នឹងស្គាល់គ្នា បង្កើនការយល់ដឹង តាមរយៈវិស័យទេសចរណ៍ ចាក់បញ្ចូលកម្លាំងរស់រវើកដ៏ខ្លាំងក្លាទៅក្នុងភាពស៊ីជម្រៅ នៃចំណងមិត្តភាព រវាងប្រទេសឡានឆាង-មេគង្គ។
គណៈប្រតិភូអន្តរជាតិមកពីបណ្តាប្រទេសចិន មីយ៉ាន់ម៉ា វៀតណាម ឡាវ និងកម្ពុជា ព្រមទាំងអ្នកជំនាញទេសចរណ៍ល្បីៗ សាស្រ្តាចារ្យមកពីសកលវិទ្យាល័យចិនធំៗ និងល្បី យុវជន-យុវនារី ជាទូតទេសចរណ៍វ័យក្មេងមេគង្គ-ឡានឆាង ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ប្រមាណជាង៣០០នាក់ បានចូលរួម។
សិក្ខាសាលាអន្តរជាតិដ៏ធំនេះ ជាវេទិការឹតបន្តឹង និងពូនជ្រំទំនាក់ទំនងមិត្តភាព កិច្ចសហការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងបណ្តាប្រទេសក្នុងអាងទន្លេមេគង្គ ដែលគម្រោងនេះត្រូវបានឧបត្តម្ភគាំទ្រទាំងស្រុងដោយភាគីមិត្តចិន៕











