ខេត្តកំពង់ឆ្នាំង៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោករដ្ឋមន្ត្រី ឌិត ទីណា កាលពីម្សិលមិញនេះបានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកបឹងក្រាយ បឹងដា ខាងកើតភូមិពាមឆ្កោក ឃុំពាមឆ្កោក និងឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
បេសកកម្មនេះ មានការចូលរួមពីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលគិរី ដោយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រចាំការនៅក្បាលកោះស្តីការទូ ឃុំពាមឆ្កោក និងសហគមន៍នេសាទភូមិថ្មី មានកម្លាំងចូលរួម២៣នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន៧គ្រឿង។
ជាលទ្ធផលអនុវត្តបាន លោកអនុរដ្ឋលេខាធិការ បានធ្វើការអប់រំណែនាំដល់ប្រជានេសាទ អំពីច្បាប់ស្តីពីជលផល និងការប្រើប្រាស់ឧបករណ៍នេសាទលប រួមផ្សំរបាំងព្រួល ពាក់ព័ន្ធនឹងក្រឡាសាច់អួន និងប្រវែងរបាំងព្រួលរួមផ្សំ ព្រមទាំងបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តខិតខំយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះដែរ កម្លាំងចម្រុះបានធ្វើការកាត់តម្រឹមរបាំងសាច់អួនប្រវែងវែង ខុសទៅនឹងច្បាប់ស្តីពីជលផលចំនួន ៤កន្លែង ប្រវែង ៨០០ម៉ែត្រ, បំផ្លាញលូសាច់អួនចំនួន ៨មាត់, ដកបង្គោលចោលចំនួន ៣៥០ដើម និងបានចាក់លែងត្រីចំនួន ៥០គីឡូក្រាម។
ជាចុងបញ្ចប់ លោកក៏បានថ្លែងអំណរគុណសារជាថ្មីដល់កម្លាំងចម្រុះចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសំណូមពរដល់សហការីជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ ព្រមទាំងកងកម្លាំងដែលមានសមត្ថកិច្ចទទួលភារកិច្ចលើភូមិសាស្រ្តបឹងទន្លេសាប រួមសហការគ្នាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងការចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងដែនបឹងទន្លេសាប៕ដោយ៖តារា










