ខេត្តកណ្តាល÷ រថយន្តសណ្ដោងរ៉ឺម៉កធុនធំ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស២នាក់របួស ធ្ងន់ស្រាល និងខូចខាតរថយន្តទាំងពីរធ្ងន់។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង០៣:០០នាទីទាបភ្លឺថ្ងៃទី២៦ វិច្ឆិកា ២០២៥ នៅចំណុចស្តុបផ្សារថ្នល់ទទឹង លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៣១-៣២ ក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តម៉ាក MITSUBISHI FUSO (ប្រភេទសណ្ដោងរ៉ឺម៉កដឹងទូរកុងទីន័រ) ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6228 សឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-9241 និងរថយន្តម៉ាក HYUNDAI (ប្រភេទសណ្ដោងរ៉ឺម៉កដឹក ទំនិញធន់ធំ)ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខឧ.មានជ័យ 3A-3689 សឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ កំពង់ចាម 4A-3100។
លោកអធិការបានបន្តថា រថយន្តម៉ាក MITSUBISHI FUSO ដែលអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (ប្រុស) បើកបរមកពីទិសខាងលិចទៅកើត (កំពង់ស្ពឺ- ភ្នំពេញ)។ លុះដល់ចំណុចកើតហេតុ បានបុករ៉ឺម៉កផ្នែកខាងស្ដាំនៃរថយន្តម៉ាក HYUNDAI ដែលកំពុងបើកបរឆ្លងស្តុបពីជើងទៅត្បូង (ឧត្តុង្គ-កំពត)។ ហេតុការណ៍នេះបណ្ដាលឲ្យរថយន្តទាំងពីរបានក្រឡាប់តែម្ដង។
អ្នកបើកបររថយន្ត MITSUBISHI FUSO បានរងរបួសធ្ងន់ ហើយអ្នកបើកបររថយន្ត HYUNDAI បានរងរបួសស្រាល តែបានគេចខ្លួនមុនសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។
តាមសេចក្តីសន្និដ្ឋានរបស់កម្លាំងជំនាញ ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក HYUNDAI ឆ្លងស្តុប មិនបានមើលឲ្យសព្វគ្រប់ជ្រុងជ្រោយ និងបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន នៅចំណុចដែលមានភ្លើងសញ្ញាចរាចរណ៍។
បច្ចុប្បន្ន កម្លាំងជំនាញបានធ្វើការវាស់វែង យកមធ្យោបាយទាំងពីរមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










