ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសដោយសារម៉ូតូ៣គ្រឿងបុកគ្នាពេញទំហឹង ព្រោះតែបើកបរខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿននៅទីប្រជុំជន។
ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកបន្តគ្នានេះបានកើតឡើងកាលពីវេលាម៉ោង ៧និង ១៤នាទីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៨-២៩ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលផ្នែកចរាចរស្រុកភ្នំក្រវាញបានឲ្យថា មុនកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ុ លីហេង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃ(ចូលផ្ទះ) គ្រានោះស្រាប់តែមានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-2705 បើកបរដោយឈ្មោះ ញឹម សារឹម ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ធ្វើដំណើរស្របទិសគ្នា(ពីកើតទៅលិច)បានបុកពីក្រោយពេញទំហឹង រួចជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា(ពីលិចទៅកើត) បើកបរដោយឈ្មោះ ម៉ឹង ចាន់រី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំលាច ស្រុកភ្នំក្រវាញ បណ្ដាលឲ្យអ្នកទាំង៣នាក់រងរបួសរដូករណែល ប៉ុន្តែភាគីខាងម៉ូតូធ្វើដំណើរបញ្រ្ចាស់ទិសគ្នាឈ្មោះ(ចាន់រីនិងសារឹម)របួស(ស្រាល) ចំណែកភាគីខាងម៉ូតូបត់ចូលផ្ទះត្រូវគេបុករបួស(ធ្ងន់)។ ប្រភពបន្តថា ជនរងរបួសត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តែដោយរបួសធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ បើតាមសាច់ញាតិបានឲ្យដឹងថា ជនរងរបួសអាចសន្ដកឆ្អឹងដងកាំបិត និងស្រាំឆ្អឹងទ្រូងកំពុងវះកាត់នៅយប់ថ្ងៃទី៩នេះ។
ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរក្នុងល្បឿនលឿននៅទីប្រជុំជន ហើយវត្ថុតាងម៉ូតូទាំង៣គ្រឿងរងការខូចខាតទាំងអស់និងបានយកទៅរក្សាទុកនៅផ្នែកនគរបាលចរាចរស្រុក រងចាំធ្វើការដោះស្រាយគ្នាជាក្រោយតាមនីតិវិធី៕
ដោយ៖ ប៉ឹម ពិន