លោករដ្ឋមន្ត្រី ហួត ហាក់៖ សូមឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមដើម្បីបង្កើតអនាគតទេសចរណ៍ប្រកបដោយភាពបៃតង និរន្តរភាព បរិយាបន្ន និងកាន់តែមានភាពធន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់ទាំងមូល

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រសួង​ទេសចរណ៍​ នៅថ្ងៃទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការលើកកម្ពស់គោលដៅទេសចរណ៍បៃតង និងទេសចរណ៍ដោយនិរន្តភាព រៀបចំឡើងក្នុងគោលបំណង កាលពីថ្ងៃទី​២៤​ វិច្ឆិកា​ថ្មីៗនេះ​ដើម្បីបង្កើនសមត្ថភាពដល់បុគ្គលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, និងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយភាពបៃតង និរន្តរភាព បរិយាប័ន្ន និងការទទួលខុសត្រូវ។

ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីលោក EDGAR DOERIG តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាង លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, លោក លោកស្រី​ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, លោក លោកស្រី​ លោក លោកស្រី វាគ្មិនកិត្តិយស តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រមាណ ២៥០នាក់។

ថ្លែងក្នុងឱកាសនៃពិធី លោករដ្ឋមន្ត្រី បានជម្រាបជូនថា សិក្ខាសាលាថ្នាក់តំបន់នាពេលនេះ ប្រមូលផ្ដុំដោយសមាសភាពដែលអញ្ជើញមកពីតំណាងរាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ-អន្តរជាតិ និងអ្នកជំនាញពាក់ព័ន្ធ ដែលជាវេទិកាដ៏ល្អមួយ សម្រាប់ចែករំលែកចំណេះដឹង បទពិសោធល្អៗ និងឧត្តម្មានុវត្តអន្តរជាតិ ព្រមទាំងស្វែងយល់អំពីការអនុវត្តស្តង់ដាទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលដាក់ចេញដោយ ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពពិភពលោក (Global Sustainable Tourism Council- GSTC)  ដើម្បីរៀបចំ កែលម្អ និងគ្រប់គ្រងគោលដៅទេសចរណ៍ សំដៅជំរុញការទទួលស្គាល់គោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ដែលមានទំនួលខុសត្រូវ មានភាពទាក់ទាញ មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងភាពធន់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបន្ថែមថា តាមរយៈសិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់ពីស្តង់ដាគោលដៅបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលនឹងជួយជំរុញឱ្យកម្ពុជា មានការទទួលស្គាល់កម្រិតអន្តរជាតិលើគុណភាពគោលដៅទេសចរណ៍ និងទទួលបានការវាយតម្លៃពីមជ្ឈដ្ឋានអន្តរជាតិ លើការគិតគូរពីនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍កម្ពជា, ដែលនេះជាផលិតផលទេសចរណ៍សម្រាប់ទាក់ទាញប្រភពទីផ្សារទេសចរណ៍ដែលមកពីគោលដៅសំខាន់ៗ ដូចជា អឺរ៉ុប, អូស្ត្រាលី, និងអាម៉េរិក, ខណៈកម្ពុជាកំពុងជំរុញការហោះហើរត្រង់ពីប្រភពទីផ្សារឆ្ងាយៗ (Long Haul) ជាមួយនឹងសក្តានុពលនៃអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិតអន្តរជាតិ 4F។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានថ្លែងបន្តថា សិក្ខាសាលាថ្នាក់តំបន់នេះ ក៏នឹងផ្តល់ជាធាតុចូលសំខាន់ក្នុងការរៀបចំគោលនយោបាយ ផែនការអភិវឌ្ឍន៍ទេសចរណ៍កម្រិតជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបញ្ជ្រាបសូចនាករគន្លឹះ និងសូចនាករគោលសំខាន់ៗរបស់ស្តង់ដា “គោលដៅទេសចរណ៍បៃតង” និង “ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព” ដើម្បីត្រៀមលក្ខណៈជាមុនឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ការវាយតម្លៃ ដោយស្ថាប័នអន្តរជាតិ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print