ខេត្តកណ្តាល: នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទី កម្លាំងប៉ុស្តិ៍សំរោងធំបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខក្រុមហ៊ុនជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់នឹងផ្លូវជាតិលេខ១ ហើយមានក្រុមក្មេងស្ទាវចំនួន០៤នាក់នៅទីនោះ ភ្លាមៗនោះកម្លាំងយើងបានឃាត់ខ្លួនក្រុមក្មេងស្ទាវទាំង៤នាក់យកមកប៉ុស្តិ៍ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស, ឈ្មោះ ហ៊ាន សៀងហៃ ភេទប្រុស, ឈ្មោះ ឆុន ឆាយ ភេទប្រុស បានសារភាពថា: ឈ្មោះ កល់ ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់។ ចំណែកជនសង្ស័យឈ្មោះ កល់ ដារ៉ុង ភេទប្រុស បានសារភាពថា: ខ្លួនបានកាប់ជនរងគ្រោះ១កាំបិតផ្គាក់បណ្តាលឲ្យស្លាប់១នាក់និងរបួសធ្ងន់១នាក់ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ចំពោះករណីនេះកម្លាំងជំនាញសហការជាមួយកម្លាំងកោសល្យវិច័យកំពុងបន្តនីតិវិធី។ ជនសង្ស័យនិងអ្នកពាក់ព័ន្ធ មន្ត្រីជំនាញកំពុងសាកសួរ៕











