ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូង បានវិវត្តទៅ ជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះទទួលរងឥទ្ធិពល កម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យលើកន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី១០%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C។ ខ្យល់បក់ មកព័ទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក នឹងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្រប ណ្តប់លើផ្ទៃដី១៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕ដោយ៖តារា










