ភ្នំពេញ៖ ក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលម្សិលមិញនេះបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Yasmin Siddiqi នាយិកាថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Yasmin Siddiqi ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានគាំទ្រដល់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍរបស់វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានកសាងកម្លាំងពលកម្មជំនាញ គាំទ្រតម្រូវការទីផ្សារការងារ និងទាក់ទាញ់វិនិយោគ។ ទន្ទឹមនឹងនេះ ក៏បានបង្ហាញនូវការជឿជាក់ថា បេសកកម្មរបស់លោកស្រីនាយិកាថ្មីប្រចាំប្រទេសកម្ពុជារបស់ ADB នឹងជួយជម្រុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និង ADB កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត សំដៅឈានទៅសម្រេចនូវគោលដៅដែលបានដាក់ចេញ។
ជាការឆ្លើយតប លោកស្រីនាយិកា បានថ្លែងអំណរគុណចំពោះការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងបានបង្ហាញពីមោទនភាពដែលបានឃើញពីការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅប្រទេសកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ភាគីទាំងពីរ បានឯកភាពគាំទ្រយ៉ាងពេញទំហឹង ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា ឱ្យកាន់តែស៊ីជម្រៅឆ្ពោះទៅរកវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖តារា










