អាម៉េរិក៖ ឆ្មាំជាតិស្ថិតក្នុងសមាជិកកងអង្គរក្សដែលយាមកាមនៅសេតវិមានរបស់សហរដ្ឋអាម៉េរិកចំនួនពីរនាក់ត្រូវបានខ្មាន់កាំភ្លើងបើកការបាញ់ប្រហារព្យាយាមផ្តាច់ជីវិតរបស់ជនរងគ្រោះទាំងពីរនាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីរសៀលថ្ងៃពុធ។ ភ្លាមៗក្រោយពីការបាញ់ប្រហារកងអង្គរក្សជាតិទាំងពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបានបញ្ជូនទៅកាន់កន្លែងសង្រ្គោះបន្ទាន់ភ្លាមៗ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិកប៉ូលីសបានអះអាងថា ជនសង្ស័យតែម្នាក់គត់បានបើកការបាញ់ប្រហារលើសមាជិកកងអង្គរក្សជាតិពីរនាក់មកពីរដ្ឋ West Virginia នៅរសៀលថ្ងៃពុធ មុនពេលត្រូវបានបង្ក្រាបដោយកងអង្គរក្សជាតិផ្សេងទៀតនៅក្បែរកន្លែងផ្ទុះអាវុធនៅសេតវិមាន។ អាជ្ញាធរបានកំណត់អត្តសញ្ញាណជនសង្ស័យដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីការបាញ់ប្រហារលើកងអង្គរក្សទាំងពីថាជាជនជាតិអាហ្វហ្គានីស្ថានម្នាក់ឈ្មោះ Rahmanullah Lakanwal ដែលបានចូលមកសហរដ្ឋអាម៉េរិកតាមរយៈកម្មវិធីពិសេសរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ៕
ដោយ ៖ សិលា









