សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្សាយថា រដ្ឋាភិបាលយោធា នឹងលើកលែងទោស ឬទម្លាក់ចោលការចោទប្រកាន់ ប្រឆាំងមនុស្សសរុបចំនួន ៨ ៦៦៥នាក់ ដើម្បីអនុញ្ញាតឱ្យពួកគេ អាចចូលរួមក្នុងការបោះឆ្នោតសកល ដែលនឹងចាប់ផ្តើមនាចុងឆ្នាំនេះ។
កាលពីថ្ងៃពុធ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បាននិយាយថា ចំណាត់ការខាងលើ មានគោលដៅជួយឱ្យអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ អាចបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ក្នុងការបោះឆ្នោតខាងមុខនេះ។ មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល ដឹកនាំដោយលោកស្រី អោងសាន ស៊ូជី ដែលបាននិងកំពុងជាប់ឃុំឃាំង តាំងពីពេលនោះមក។ ការផ្ទុះបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងរដ្ឋប្រហារ បានប្រែក្លាយជា ចលនាតស៊ូប្រដាប់អាវុធ ដែលកំពុងបង្កជាសង្រ្គាមស៉ីវិលហែកហួរប្រទេសអាស៊ានមួយនេះ មកទល់ពេលបច្ចុប្បន្ន។
របបសឹកមីយ៉ាន់ម៉ា គ្រោងនឹងរៀបចំការបោះឆ្នោតសកលជាដំណាក់កាល នៅក្នុងខែធ្នូ ឆ្នាំ២០២៥នេះ និងក្នុងខែមករា ឆ្នាំ២០២៦។ ប៉ុន្តែដោយសារគណបក្សប្រឆាំងជាច្រើន ត្រូវបានហាមឃាត់ ឬប្រកាសធ្វើពហិការមិនចូលរួម វាត្រូវបានប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្សភាគច្រើន ចាត់ទុកជា ការបោះឆ្នោតមួយ ដែលនឹងគ្មានតម្លាភាព បង្កើតឡើងដើម្បីតែប្រមូលផ្តុំអំណាចរបស់យោធា បន្តទៀតប៉ុណ្ណោះ៕










