ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះ ម៉ូតូ HONDA Dreamមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកទំនិញដែលកំពុងតែឈប់អោយរថភ្លើងបើកឆ្លងកាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវលាម៉ោង១:២០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ត្រង់ចំណុចក្បែរផ្លូវរថភ្លើងអូដឹម ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0547 បានឈប់នៅលើដងផ្លូវជាតិលេខ៤ដើម្បីឲ្យរថភ្លើងបើកឆ្លងកាត់ ភ្លាមៗនោះដែរស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង 1AM-1346 ជិះដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយតាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿនមិនប្រយ័ត្នក៏ទៅបុកផ្ទប់ពីក្រោយរថយន្តយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯម្ចាស់រថយន្តវិញក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










