ប្រជាជនហ្វីលីពីនរាប់ពាន់នាក់បានតវ៉ាប្រឆាំងនឹងមន្ត្រី អ្នកតាក់តែងច្បាប់ និងម្ចាស់ក្រុមហ៊ុនសំណង់ដែល «កិបកេងប្រាក់រាប់ពាន់លានដុល្លារ» ក្នុងគម្រោងគ្រប់គ្រងទឹកជំនន់នៅក្នុងប្រទេស។
ហ្វូងមនុស្សបានដើរក្បួនតាមដងផ្លូវនៃទីក្រុងម៉ានីលនៅថ្ងៃនេះ ដោយទាមទារឱ្យមន្ត្រីចោទប្រកាន់អ្នកតាក់តែងច្បាប់ និងមន្ត្រីដែលពាក់ព័ន្ធនឹង «គម្រោងខ្មោច» ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទឹកជំនន់របស់ប្រទេសហ្វីលីពីនយ៉ាងឆាប់រហ័ស។
មនុស្សប្រហែល 10,000 នាក់បានចូលរួមក្នុងការតវ៉ា ខណៈដែលអាជ្ញាធរបានដាក់ពង្រាយប៉ូលីសជាង 17,000 នាក់ដើម្បីធានាសន្តិសុខ ដោយដំឡើងរបាំងលួសបន្លាដើម្បីការពារហ្វូងមនុស្សមិនឱ្យទៅដល់វិមានប្រធានាធិបតី។ អ្នកតវ៉ាខ្លះថែមទាំងបានអំពាវនាវឱ្យប្រធានាធិបតី Ferdinand Marcos Jr. លាលែងពីតំណែងទៀតផង។
ចម្ងាយប្រហែល 10 គីឡូម៉ែត្រ ក្រុមអ្នកតវ៉ាមួយក្រុមទៀតបានដើរក្បួនតាមបណ្តោយ EDSA ដែលជាទីតាំងនៃបដិវត្តន៍ចលនាអំណាចប្រជាជនដែលបានជួយផ្តួលរំលំឪពុករបស់លោក Marcos ក្នុងឆ្នាំ 1986 ហើយបានអំពាវនាវឱ្យ «ដាក់ពន្ធនាគារជាបន្ទាន់» មន្ត្រីពុករលួយ។
កំហឹងលើ «គម្រោងគ្រប់គ្រងទឹកជំនន់ខ្មោច» បានកើនឡើងអស់រយៈពេលជាច្រើនខែនៅក្នុងប្រទេសដែលមានប្រជាជន 116 លាននាក់ ជាកន្លែងដែលទីក្រុងជាច្រើនបានរងផលវិបាកយ៉ាងធ្ងន់ធ្ងរពីទឹកជំនន់ថ្មីៗនេះ។
លោកប្រធានាធិបតី Marcos បានត្រួតពិនិត្យគម្រោងទំនប់ទឹកនៅក្នុងទីក្រុង Iloilo កាលពីខែសីហា ហើយបានរកឃើញថា គម្រោងទាំងនោះជា “គម្រោងខ្មោច” ដែលមានការងារគ្រប់គ្រងទឹកជំនន់ក្រោមស្តង់ដារ និងដំណើរការយឺត ដែលធ្វើឱ្យស្ថានភាពទឹកជំនន់កាន់តែអាក្រក់ទៅៗ៕
រូបថត: AFP










