(ហ្សឺណែវ -ស្វីស ) ៖ តាងនាម ឱ្យ រាជរដ្ឋាភិបាល កម្ពុជា លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង ជា អនុប្រធាន ទី១ អាជ្ញាធរ មីន អញ្ជើញ ធ្វើ សេចក្ដី ថ្លែងការណ៍ស្តីពីវឌ្ឍនភាពនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញា ហាមប្រាម ការ ប្រេីប្រាស់ មីន ប្រឆាំង មនុស្ស (អនុសញ្ញាអូតាវ៉ា ) នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុង សេចក្ដី ថ្លែងការណ៍ នោះ កម្ពុជា បានអំពាវនាវដល់រដ្ឋភាគីទាំងអស់ ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ហើយកម្ពុជាជឿជាក់ថា រដ្ឋភាគីទាំងអស់មិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌ដែលជាបេះដូងនៃអនុសញ្ញានេះឡើយ។ ជាពិសេស រួម គ្នា សម្រេចឱ្យបាននូវផែនការសកម្មភាព និងសេចក្តីថ្លែងការនយោបាយសៀមរាប-អង្គរ ដេីម្បី បោសសម្អាត អតីត កាល និងកសាងអនាគតមួយដែលមានសន្តិភាពសម្រាប់ មនុស្ស ជាតិ ។
ជាមួយ គ្នានោះ លោក លី ធុជ បាន បញ្ជាក់ ពី គោលការណ៍ នៃកម្មវិធីសកម្មភាពមីនរបស់កម្ពុជា ដែល ធ្វើ ឡេីង ប្រកបដោយតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងអនុលោមតាមកាតព្វកិច្ច របស់ ខ្លូន ដើម្បីធានាបាននូវទំនុកចិត្តរវាងរដ្ឋភាគី រហូត ដល់ កម្ពុជា ទទួល បាន ការ វាយតម្លៃ ខ្ពស់ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន ការគ្រប់គ្រងព័ត៌មាន និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។
លោកទេសរដ្ឋមន្រ្តី លី ធុជ បាន ថ្លែង បញ្ជាក់ ទៀតថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលដៅនៃអនុសញ្ញានេះ ហើយនឹងបន្តពង្រឹងសមត្ថភាពជាតិ គាំទ្រជនរងគ្រោះ ចែករំលែកជំនាញទៅកាន់ពិភពលោក និងផ្តល់ការគាំទ្រទៅតាមតម្រូវការនិងការស្នើសុំរបស់ប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារមីន។
លោក លី ធុជ លេីកឡេីង ទៀត ថា កម្ពុជាទទួលស្គាល់ថា តំបន់ព្រំដែននៅប្រទេស មួយ ចំនួន នៅបន្តរងគ្រោះដោយសារមីនដូច កម្ពុជា ដែលមានភាពស្មុគស្មាញ បន្សល់ទុកដោយសង្គ្រាមពីអតីតកាល ហើយតំបន់ទាំងនេះបានបង្កហានិភ័យដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា។ ទោះ បី យ៉ាងណា កម្ពុជា បានដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តោតសំខាន់លើផលវិបាកមនុស្សធម៌ សេដ្ឋកិច្ច និងនយោបាយ ដែលបង្កឡើងដោយចម្ការមីន ហើយកម្ពុជាបានជ្រើសរើសការដោះស្រាយបញ្ហា តាមរយៈ កិច្ចសហប្រតិបត្តិការ ការសន្ទនា និងផ្អែកលើទិដ្ឋភាពបច្ចេកទេស ដើម្បីធានាបាននូវសុខសុវត្ថិភាពនៅតាមបណ្តោយព្រំដែន ៕
ដោយ ៖ សិលា










