បារាំងជាប្រទេសប្រឈមនឹងការវាយប្រហារភេរវកម្មច្រើនជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុបក្រោយពេលដែលក្រុមភេរវករបន្លំខ្លួនជាមួយជនភៀសខ្លួនចូលទៅទឹកដីអឺរ៉ុប ក្នុងនោះមានបារំាងជាដើម។
កន្លងមកថ្មីៗប៉ូលិសទីក្រុងប៉ារីស បានចាប់ខ្លួនមនុស្ស៤នាក់ប្រុសពីរស្រីពីរ ជាប្តីប្រពន្ធទាក់ទងនឹងរថយន្តមួយគ្រឿងផ្ទុកដបឧស្ម័នច្រើនដប ដែលគេរកឃើញនៅកណ្តាលក្រុងប៉ារីស។ ប៉ូលិសកំពុងតាមរកស្ត្រីម្នាក់ជាកូនស្រីរបស់ម្ចាស់រថយន្តនេះ។ ថ្លែងក្នុងសន្ទរកថា នៅថ្ងៃ០៨ ខែកញ្ញា ប្រធានាធិបតីបារាំង បានគូសបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះអាជ្ញាធរបានទប់ស្កាត់ការប៉ុនប៉ងភេរវកម្មជាច្រើនក្នុងស្រុក។
នៅពេលកើតហេតុបុគ្គលិកនៅក្លិបមួយកន្លែង នៅក្រុងប៉ារីស បានកត់សម្គាល់រថយន្ត Peugeot មួយគ្រឿងគ្មានស្លាកលេខ ចតចោលនៅជិតវិហារ Notre Dame ដែលជាទីកន្លែងទេសចរដ៏ល្បីរបស់បារាំង។ ក្នុងរថយន្តនោះ មានដបឧស្ម័នទទេមួយដប។ តែនៅគូទរថយន្តវិញ ប៉ូលិសបានរកឃើញដបមានផ្ទុកឧស្ម័ន៥ដប ។ ដោយឡែកក្នុងរថយន្តនោះគ្មានទុកភ្លើងឬគ្រឿងដុតអ្វីដើម្បីបំផ្ទុះដបឧស្ម័នទាំងនេះទេ។ ក្នុងរថយន្តក៏មានឯកសារជាភាសាអារ៉ាប់ផងដែរ។
ប៉ូលិសបារាំងបានបើកការស៊ើបអង្កេត និងបានចាប់ខ្លួនប្តីប្រពន្ធ២គូ នៅតំបន់ភាគខាងត្បូង។ ក្នុងចំណោមប្តីប្រពន្ធទាំងនេះប្តីប្រពន្ធមួយគូធ្លាប់ត្រូវប៉ូលិសសម្គាល់អត្តសញ្ញាណថាជាសមាជិកចលនាអ៊ិស្លាមជ្រុលនិយម។
កាលពីថ្ងៃអង្គារ ប៉ូលិសបានចាប់ខ្លួនបុរសម្ចាស់រថយន្ត Peugeot និងមនុស្សម្នាក់ទៀតជាអ្នកជិតដិតនឹងម្ចាស់រថយន្ត។ ជនទាំង២រូបនេះ ធ្លាប់ត្រូវប៉ូលិសកត់ត្រាដែរថា ជាជនជ្រុលនិយម។ តែប៉ូលិសបានដោះលែងម្ចាស់រថយន្តវិញ និងកំពុងតាមចាប់ខ្លួនកូនស្រីម្ចាស់រថយន្តវិញ ព្រោះម្ចាស់រថយន្តប្រាប់ថា កូនស្រីគាត់បានចាក់រឹសក្នុងចលនាអ៊ិស្លាមជ្រុលនិយម៕
ប្រែសម្រួល៖ ម៉ែវ សាធី