ខេត្តសៀមរាប៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ អំពីករណីសមត្ថកិច្ចបានចុះឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធបទល្មើសជាក់ស្ដែងករណីហិង្សាដោយចេតនា វាយនិងយកកាំបិត ប៉័ងតោ ញញួរ គប់ ជនរងគ្រោះបណ្ដាលឲ្យ មានស្នាមរបួសហើយសមត្ថកិច្ចដោះលែងជនសង្ស័យនោះវិញ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨ និង៤៣នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋថត និងបង្ហោះថាមានការភិតភ័យ ខណះឃើញសកម្មភាពសមត្ថកិច្ចនគរបាលក្រុងសៀមរាប ដែលស្លៀកពាក់សុីវិលបំពេញកិច្ចកាងារ ប្រតិបត្តិការឃាត់ខ្លួនបុរសជនសង្ស័យម្នាក់ នៅចំណុចមុខហាងជួសជុលយីហោ លឹម ជុង ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
តាមរបាយការណ៍ពីសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប,សំណើរសុំគោលការណ៍ឃាត់ ខ្លួនជនសង្ស័យឈ្មោះ មុំ សុភ័ក្រ ភេទប្រុស អាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនិងទីលំនៅ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប(ប្រវត្តិទោសគ្មាន) ពាក់ពន្ធ័បទល្មើសជាក់ ស្ដែង ករណីហិង្សាដោយចេតនា វាយ និងយកកាំបិត ប៉័ងតោ ញញួរ គប់ ជនរងគ្រោះ បណ្ដាលឱ្យមានស្នាមរបួស។
របាយការណ៍បន្តថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង៨ និង៤៣នាទី នៅចំណុចហាងជួសជុលយីហោលឹម ជុង ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាបមានករណីហិង្សាដោយ ចេតនា(វ៉ៃ និងយកកាំបិតប៉័ងតោគប់ ជនរងគ្រោះ បណ្ដាលឲ្យ មានស្នាមរបួស) បង្កឡើងដោយជន សង្ស័យខាងលើ បានធ្វើសកម្មភាពផឹកស្រាស្រវឹង ហើយស្រែកឡូឡា និងបានវាយទៅលើជនរងគ្រោះឈ្មោះ ស៊ា តុលា ភេទ ប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ខេត្តសៀមរាប ត្រូវចំត្រចៀកខាងស្តាំ ភ្លាមៗជនរងគ្រោះបានរត់គេច ហើយក៏ត្រូវ ជនសង្ស័យយកកាំបិតប៉័ងតោ និងញញួរ គប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរយះខ្នងត្រង់ចង្កេះខាងស្តាំ។
របាយការណ៍បញ្ជាក់ថា ក្រោយពីទទួលសេចក្តីរាយ ការណ៍សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ និងឃាត់ជន សង្ស័យខាងលើយកមកសួរនាំ ក្រោយពីសួរនាំ, ជន សង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវ៉ៃ និងគប់ជនរងគ្រោះ ដោយញញួរ និងកាំបិតប៉័ងតោពិតមែន ដោយប្រើញញួរចំនួន១ និងកាំបិតប៉័ងតោចំនួន១ (នគរបាលដកហូតបាន) ហើយនគរបាលជំនាញក៏បានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ជាលទ្ធផលគឺ អវិជ្ជមាន ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា តាមពិតជនសុីវិលដែលធ្វើការចាប់សង្គ្រប់លើបុរសម្នាក់ដែលជាជនសង្ស័យ ក្នុងប្រតិបត្តិការខាងលើនោះ ជាកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប មានលូហ្គូ និងសញ្ញាសំគាល់ ប្រើប្រាស់ឧបករណ៍ ដើម្បីចាប់ឃាត់ ដោយសារជនសង្ស័យមានកំបិត ញញួរ និងមិនព្រមប្រគល់ខ្លួនទើបមានការបង្ខំ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បន្តថា ដូចដែលលោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយថា ក្រោយទទួលបានគោលការណ៍ណែនាំ ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប, ការបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដោះលែងជនសង្ស័យខាងលើវិញ បន្ទាប់ពីជននោះស្វាងស្រា ដឹងកំហុសផង មានការអង្វរពីក្រុមគ្រួសារ របស់បុរសនោះផង និងមិនមានការប្ដឹងបន្តពីជនរងគ្រោះផង៕










