សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ ប្រទេសគុយបា បានបញ្ជាក់ថា មនុស្សចំនួន ៣៣នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺឆ្លងតាមរយៈការខាំរបស់សត្វមូស នារយៈពេលប៉ុន្មានខែចុងក្រោយនៃការរាតត្បាត ក្នុងចំណោមមួយភាគបីនៃប្រជាជនសរុប។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រី Carilda Peña និយាយថា មនុស្ស ១២នាក់បានស្លាប់ដោយជំងឺគ្រុនឈាម និង ២១នាក់ស្លាប់ដោយជំងឺ Chikungunya (គ្រុនក្តៅធ្ងន់ធ្ងរ) ដែលបានរាលដាលយ៉ាងទូលំទូលាយ នៅទូទាំងប្រទេសកោះ Caribbean មួយនេះ។ យ៉ាងហោចណាស់ ២១នាក់ក្នុងចំណោមអ្នកស្លាប់ មានអាយុក្រោម ១៨ឆ្នាំ។
ជំងឺគ្រុនឈាម បានញាំញីប្រទេសគុយបាជាយូរណាស់មកហើយ ប៉ុន្តែកាន់តែអាក្រក់ទៅៗ ដោយសារកង្វះថវិកា និងប្រេងឥន្ធនៈ ដែលរារាំងដល់សមត្ថភាពរបស់រដ្ឋាភិបាល ទាក់ទងនឹងការដុត និងសម្អាតសំរាមតាមដងផ្លូវ រួមទាំងបញ្ហាបំពង់បង្ហូរប្រេងដែលលេចធ្លាយ។ ដោយឡែក ជំងឺ Chikungunya ដែលកម្រកើតមាន ក៏បានរីករាលដាលយ៉ាងឆាប់រហ័សផងដែរនាប៉ុន្មានខែថ្មីៗនេះ។ មិនមានការព្យាបាលជាក់លាក់ណាមួយទេ សម្រាប់ជំងឺ Chikungunya ដែលចម្លងដោយមូសខ្លា ក៏ដូចជាជំងឺគ្រុនឈាម និងជំងឺ Zika។
ករណីស្លាប់ និងការរាតត្បាតខ្លាំងក្លា គឺជាដំណឹងអាក្រក់បន្ថែមទៀតសម្រាប់គុយបា ដែលប្រព័ន្ធថែទាំសុខភាព កំពុងប្រឈមមុខនឹងការដួលរលំរួចទៅហើយ ពីព្រោះវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលបានជំរុញឱ្យមានកង្វះស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ៕
រូបថត: Reuters










