ភ្នំពេញ៖ បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលចូលថវិកាជាតិ បានសរុបចំនួនជាងប្រមាណ១៨១លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិ សរុបចំនួន ៧២៤ ២១៩ ២១១ ៤៨៩រៀល (ប្រមាណ១៨១លានដុល្លារ)កើនឡើង១០.០៦% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះមានដូចខាងក្រោម៖
- ចំណូលរបស់រដ្ឋបាលកណ្តាល ចំនួន ៣៩ ៦៣៣ ៥៨៥ ១៤៤រៀល
- ចំណូលរបស់មន្ទីរដ.ន.ស.ស.រាជធានី ខេត្ត ចំនួន ៦៨៤ ៥៨៥ ៦២៦ ៣៤៥រៀល (ពន្ធប្រថាប់ត្រា ប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ ចំនួន ៥១២ ០៣៩ ០៣៥ ០០០រៀល)។
ទន្ទឹមគ្នានេះ របាយការណ៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្នុងឆ្នាំ២០២៥ ការផ្តល់សេវាសាធារណៈ តាមច្រកចេញចូលតែមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលសំណើសរុប ចំនួន២១៩ ៩៧១សំណើ និងថ្នាក់រាជធានី ខេត្តចំនួន២១៨ ១៤១សំណើ។ បន្ថែមពីនេះ របាយការណ៍ដដែល បានបន្ដថា សំណើដែលបានការយល់ព្រម សរុបចំនួន២២១ ៦៦៧សំណើ ក្នុងនោះ ថ្នាក់កណ្តាលចំនួន១ ៧៨៦សំណើ និងថ្នាក់រាជធានី ខេត្ត ចំនួន២១៩ ៨៨១សំណើ។
ដោយឡែក ចំពោះចំណូលទទួលបាន ពីការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ ដែលមានចំនួនសរុប ៦៩ ៣០៩១១៧ ៨០៧រៀល ក្នុងនោះសេវានៅថ្នាក់កណ្តាល ចំនួន១៥ ២០៤ ២៧៦ ៨២៨រៀល និងថ្នាក់ រាជធានី ខេត្តចំនួន៥៤ ១០៤ ៨៤០ ៩៧៩រៀល៕ដោយ៖តារា










