អន្តរជាតិ ៖ ដោយប្រកាន់ខ្ជាប់ថា «សន្តិភាពជាមូលដ្ឋាន» នោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលត្រូវបានផ្តួចផ្តើមកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នឹងក្លាយជាគ្រឹះសម្រាប់ផ្តល់ក្តីសង្ឃឹមនិងបំណងប្រាថ្នាយូរអង្វែងរួមជូនដល់មនុស្សជាតិតាមរយៈការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ដោយប្រទេសចិនបានចាត់ទុកថាសន្តិភាពជាខ្យល់និងជាពន្លឺរស្មី។ កិច្ចខិតខំទទួលបានសន្តិភាព និងការតស៊ូដើម្បីថែរក្សាសន្តិភាព មិនមែនបានដោយសារយើងឈរអោបដៃមើលនោះទេ តែជាការប្រឹងប្រែងរួមគ្នាដោយគាំទ្រលើចក្ខុវិស័យសន្តិសុខគ្រប់ជ្រុងជ្រោយ និងសហការគ្នាដោយ គោរពឱ្យម៉ឹងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមក ជាក់ស្តែងការគាំទ្ររបស់សហគមន៍អន្តរជាតិលើគោលការណ៍ចិនតែមួយជាឧទាហរណ៍បញ្ជាក់ស្រាប់។ តាមរយៈគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល នោះពិភពលោកនឹងយល់ឥតមន្ទិលពីចក្ខុវិស័យរបស់ប្រទេសចិនក្នុងការជំរុញល្បឿនទំនើបកម្មរបស់ពិភពលោកដោយឈររួមគ្នាលើទម្រនៃសន្តិភាព និងវឌ្ឍនភាពរួម ហើយលុបបំបាត់សង្វៀននៃការវាយប្រយុទ្ធគ្នាតាមបែបយោធានិយម បង្កចលាចល និងទាញពិភពលោកត្រឡប់ទៅកាន់សោកនាដកម្មដូចកាលពី៨០ឆ្នាំមុន ដូចទៅនឹងទស្សនៈដែលថា «ប្រវត្តិសាស្ត្រអាចប្រើប្រាស់ធ្វើជាមគ្គុទ្ទេសក៍សម្រាប់អនាគត ប្រសិនបើប្រវត្តិសាស្រ្តនោះមិនត្រូវបានគេបំភ្លេចចោល»។ ជាមួយនិងការធ្វើទំនើបកម្មសង្គមរបស់ខ្លួន ប្រទេសចិនតែងបានផ្តល់ទស្សនាទានជូនដល់ពិភពលោកក្នុងការទាញយកកាលានុវត្តភាពពី«ផែនការ៥ឆ្នាំ»របស់ខ្លួន ហើយកាលពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៥នេះ កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ បានពិនិត្យនិងអនុម័តលើសំណើ«ផែនការ៥ឆ្នាំ លើកទី១៥ (ឆ្នាំ២០២៦-ឆ្នាំ២០៣០)»។
ដោយប្រតិបត្តិតាម«ការអភិវឌ្ឍជាកូនសោរមាស» នោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងក្លាយជាត្រីវិស័យប្រកបដោយភាពសុក្រឹតលើសណ្តាប់ធ្នាប់អន្តរជាតិដែលនឹងបង្កើនការគាំទ្រនិងការជំរុញសេរីភាពនិងការសម្របសម្រួលលើពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីកាត់បន្ថយគម្លាត ជើង-ត្បូង និងគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការបង្កើនសមត្ថភាពលើវឌ្ឍនភាពតាមមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន។ ជាសច្ចភាព ប្រទេសចិនតែងបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងកិច្ចសហការជាមួយប្រទេសទាំងអស់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជាតិ។ គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលក៏បានរំលេចផងដែរពីការរួមបញ្ចូលគ្នានូវផលប្រយោជន៍សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកប្រកបដោយតុល្យភាព ដោយប្រឆាំងដាច់ខាតចំពោះការលេងល្បែងផលបូកស្មើសូន្យ ហើយជំនួសមកវិញនូវការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាផ្អែកលើតថភាព និងរួមគ្នានាំមកនូវភាពវិជ្ជមានដល់គ្នាទៅវិញទៅមក។ ជាក់ស្តែង គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងផ្តល់កម្លាំងដល់«ផែនការ៥ឆ្នាំលើកទី១៥»ដែលនឹងផ្តើមពីឆ្នាំ២០២៦ខាងមុខនេះ ដោយបង្ហាញកាន់តែច្បាស់ពីតួនាទីយ៉ាងសកម្មរបស់ប្រទេសចិននៅក្នុងការបន្តប្រកាន់ខ្ជាប់ទៅនឹងយុទ្ធសាស្រ្តបើកចំហកម្មវិធីដើម្បីផលប្រយោជន៍ទៅវិញទៅមក បន្តជំរុញការកែទម្រង់ពាក់ព័ន្ធនឹងវិនិយោគនិងពាណិជ្ជកម្ម លើកកម្ពស់ច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ និងដោះស្រាយវិវាទពាណិជ្ជកម្មដោយឈរលើការពិគ្រោះយោបល់និងច្បាប់អន្តរជាតិ ហើយប្រទេសចិនតែងប្រកាន់ខ្ជាប់ជានិច្ចនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយលើកទឹកចិត្តដល់ពិភពលោករួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកមួយដែលបើកចំហ។
ដោយចាត់ទុក«សហប្រតិបត្តិការឈ្នះ–ឈ្នះជាមាគ៌ាអាទិភាពតែមួយគត់» គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងបន្តជាយន្តការដ៏មានភាពស័ក្តិសិទ្ធិក្នុងការជំរុញល្បឿនសេដ្ឋកិច្ចសកលចូលក្នុងដំណាក់កាលថ្មី ហើយសហគមន៍អន្តរជាតិបានយល់ស្របជាមួយចិនថា «ទោះបីជាភ្នំមានកម្ពស់ខ្ពស់យ៉ាងណាក៏មនុស្សអាចឡើងដល់កំពូល ហើយបើទោះបីជាផ្លូវដើរវែងយ៉ាងណាក៏មនុស្សដើរទៅដល់» ជាសក្ខីភាពបញ្ជាក់ថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលជាមាគ៌ាដ៏ត្រឹមត្រូវបំផុតដែលនឹងជួយដល់មនុស្សជាតិសម្រេចបានគោលដៅរបស់ខ្លួន។ ដោយបានតាមដានពីវឌ្ឍនភាពនៃការរីកចម្រើនលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិនចាប់តាំងពីការអនុវត្តផែនការ៥ឆ្នាំលើកទី១ នៅឆ្នាំ១៩៥៣មក ដោយឆ្លងកាត់ការអនុវត្តផែនការ៥ឆ្នាំចំនួន១៤លើក ប្រទេសចិនសម្រេចបានជោគជ័យយ៉ាងធំធេង ពីប្រទេសកសិកម្មដែលក្រីក្រនិងទន់ខ្សោយ មកជាប្រទេសដែលមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី១៣ ០០០ដុល្លារអាមេរិក និងវិស័យផលិតកម្មគ្របដណ្តប់ជិត៣០%នៃពិភពលោក ហើយបានរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មរួមរបស់មនុស្សជាតិលើការដោះស្រាយនូវបញ្ហាសកល ដែលនាំឱ្យពេលនេះ គ្រប់គ្នានៃពិភពលោកកំពុងយកចិត្តទុកដាក់សម្លឹងមើលមកប្រទេសចិនលើសំណើ«ផែនការ៥ឆ្នាំលើកទី១៥»ដែលនឹងរួមចំណែកដល់ការបង្កើតយន្តការសកលប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធក្នុងការអភិវឌ្ឍសកលប្រកបដោយចីរភាពកម្រិតខ្ពស់ និងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលផ្អែកលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវ«អធិបតេយ្យភាពរដ្ឋជាគ្រឹះនៃមិត្តភាព» គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងក្លាយជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិដោយបង្កើនឧត្តមានុភាពដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងលិខិតូបករណ៍ច្បាប់មួយចំនួនស្តីពីសន្តិសុខនយោបាយ ពាណិជ្ជកម្ម ការអភិវឌ្ឍ បញ្ហាសង្គម សិទ្ធិមនុស្ស វិទ្យាសាស្រ្ត បច្ចេកវិទ្យា សុខភាព ការងារ កម្មសិទ្ធិបញ្ញា វប្បធម៌ រួមនិងកីឡា។ តាមរយៈគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល នោះសុពលភាពរបស់ច្បាប់នឹងត្រូវបានបង្កើន ហើយចិននឹងដើរតួនាទីកាន់តែសកម្មនៅក្នុងការលើកកម្ពស់សិទ្ធិអំណាចរបស់នីតិរដ្ឋអន្តរជាតិ អនុវត្តសិទ្ធិឲ្យស្របតាមច្បាប់ ហើយបំពេញកាតព្វកិច្ចប្រកបដោយភាពស្មោះត្រង់។ ច្បាស់លាស់ណាស់ដែលថា គំនិតផ្តួចផ្តើមនេះនឹងផ្តល់ជូននូវសុពលភាពរបស់ច្បាប់ប្រកបដោយសមភាព និងភាពយុត្តិធម៌ ហើយច្រានចោលនូវរាល់ការអនុវត្តច្បាប់ដោយប្រើស្តង់ដារ២ផ្សេងគ្នា ឬការអនុវត្តដោយផ្នែក ពោលគឺគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងធានាបាននូវសមភាពពិតប្រាកដ និងយុត្តិធម៌នៅលើពិភពលោក។ ដូចដែលពិភពលោកបានរៀនសូត្រពីស្មារតីផ្លូវសូត្របុរាណ ស្មារតីបានឌុង ស្មារតីសៀងហៃ និងស្មារតីសន្តិភាពនិយមជាច្រើនទៀតដែលបានផ្តើមដោយប្រទេសចិន ហើយពិភពលោកបានយល់ស្របគ្នាថា«គោលការណ៍ចិនតែមួយ»ដែលបានគូសរំលេចយ៉ាងច្បាស់ថា «តៃវ៉ាន់ស្ថិតនៅក្នុងដែនអធិបតេយ្យភាពទាំងស្រុងរបស់ប្រទេសចិន»ជាមូលដ្ឋានគ្រឹះនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់អន្តរជាតិដូចមានខ្លឹមសារចែងក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨របស់មហាសន្និបាតអង្គការសហប្រជាជាតិជាទឡ្ហីករណ៍បញ្ជាក់ស្រាប់។
ជារួម ពិភពលោកបាននិងកំពុងយល់ស្របគ្នាថា «ដើរជាមួយចិនគឺដើរជាមួយកាលានុវត្តភាព ហើយជឿជាក់លើចិនគឺជឿជាក់លើអនាគត» និងឯកភាពថាបទពិសោធន៍របស់ប្រទេសចិនលើស្នាដៃឯកក្នុងការលុបបំបាត់ភាពក្រីក្រ សន្តិសុខស្បៀង សន្តិសុខថាមពល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង សុខុមាលភាពរបស់ប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនសមត្ថភាពមូលធនមនុស្សនៅក្នុងប្រទេស គឺជាគ្រឹះនៃកិច្ចសហគមន៍រួមវាសនារបស់មនុស្សជាតិ ព្រមទាំងជាចក្ខុវិស័យប្រកបដោយភាពប្រាកដប្រជាសម្រាប់ពិភពលោកក្នុងការបន្ស៊ីនិងចូលរួមយ៉ាងសកម្មទៅក្នុងចរន្តនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនិយាយដោយឡែក និងរាល់គំនិតផ្តួចផ្តើមរបស់ប្រទេសចិននិយាយរួម៕

ដោយ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន










